ក្រុមក្មេងស្ទាវដុតកំទេចម៉ូតូចោលចំនួន០៣គ្រឿង ភ្លាមៗសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួក
ខេត្តស្ទឹងត្រែង: ករណីក្រុមក្មេងស្ទាវ ដេញស្ទាក់វ៉ៃគ្នា រហូតឈានដល់ថ្នាក់ដុតកំទេចម៉ូតូចោលឆេះអស់ចំនួន០៣គ្រឿងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនៅសង្កាត់សាមគ្គី ភ្លាមៗនោះក៏បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ផងដែរនាំមកកាន់ប៉ុស្តិ៍រដ្ឋបាលធ្វើការសាកសួរ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្ពានផ្លូវទៅចូលភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ រហូតមកដល់ថ្ងៃទី១៧ ខែសីហានេះសមត្ថកិច្ចនៅកំពុងស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យបន្តទៀត។ លោក អ៊ុង សុភ័ក្រ នាយប៉ុស្តិ៍រដ្ឋបាលឲសង្កាត់សាមគ្គី បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៧ ខែសីហានេះឱ្យដឹងថាក្រោយពេលកើតហេតុរួចមក ខាងភាគ្គីដែលរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គី។ កម្លាំងនគរបាលប៉ុស្តិ៍ ក៏បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលធ្វើការសួរនាំធ្វើកំណត់ហេតុបន្ទាប់មកបានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ លោក នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់សាមគ្គីបានបញ្ជាក់ថា ក្រោយសួរនាំជនសង្ស័យរួច ពួកគេបានឆ្លើយសារភាពចម្លើយថានៅពេលធ្វើសកម្មភាពស្ទាក់វ៉ៃគ្នា រួចឈានដល់ដុតបំផ្លាញម៉ូតូចោល គឺមានគ្នាច្រើននាក់ទៀត ឥឡូវកំពុងរត់គេចខ្លួន។ មូលហេតុដែលបង្កឲ្យកើតឡើង គឺផ្ដើមចេញពីទំនាស់វ៉ៃគ្នា ជាមួយនឹងភាគីម្ចាស់ម៉ូតូម្ខាងទៀតដែលត្រូវគេដុតនោះ ៕ (ដោយសហការី TNM ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី