ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យនិស្សិត និងសាកលវិទ្យាល័យនានាបន្តការសិក្សានិងបង្កើនគុណភាពនៃការបណ្ដុះបណ្ដាល

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ លើកទឹកចិត្តឱ្យនិស្សិត និងសាកលវិទ្យាល័យនានាបន្តការសិក្សា និងបង្កើនគុណភាពនៃការបណ្ដុះ បណ្ដាល។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ ជាលើកដំបូងហើយដែលបានរៀបចំឡើងជាថ្មី នៃការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យនានា បន្ទាប់ពីមានការខកខានអស់រយៈពេល២ឆ្នាំ ដោយសារកូវីដ១៩ ហើយ សម្តេចក៏បានសម្ដែងនូវមោទនភាព ចំពោះការខិតខំប្រឹងប្រែង របស់និស្សិតជ័យលាភី ក៏ដូចជាមាតា បិតា អាណាព្យាបាល ក្រុមគ្រួសារទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបានលើកទឹកចិត្តឱ្យបន្តការសិក្សាពេញមួយជីវិត ហើយក៏បានណែនាំឱ្យសាកលវិទ្យាល័យនានា ត្រូវបង្កើនគុណភាពនៃការបណ្តុះបណ្តាល។ សម្ដេចតេជោ ក៏បានកោតសរសើរចំពោះសាកលវិទ្យាល័យ និងនិស្សិតជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ បើទោះបីក្នុងកាលៈទេសៈដែលត្រូវប្រឈមនៃពេលវេលាដ៏លំបាក ជាពិសេសវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។ សម្តេចតេជោ បានបន្តលើកទឹកចិត្តដល់ជ័យលាភី និងក្រុមគ្រួសារបន្តការខិតខំតទៅទៀត ហើយសង្ឃឹមថាជ័យលាភីទាំងអស់នឹងមិនបញ្ចប់ការសិក្សានៅត្រឹមកម្រិតប៉ុណ្ណឹងទេ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យបណ្តាសាកលវិទ្យាល័យនានា បង្កើនគុណភាព នៃការបណ្តុះ បណ្តាល។គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់សាកលវិទ្យាល័យបានឱ្យដឹងថានិស្សិតដែលទទួលសញ្ញា បត្រនៅថ្ងៃនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររងចំនួន១១១នាក់ នារី៧៩នាក់ ថ្នាក់បរិញ្ញាបត្រចំនួន៤៤២នាក់ នារី៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៧០នាក់ នារី១៧នាក់។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រគឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រមានដូចជាមហាវិទ្យា ល័យឱសថសាស្ត្រ មហាវិទ្យាល័យទន្តសាស្ត្រ មហាវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល មហាវិទ្យាល័យគិលានុបដ្ឋាកនិងឆ្មបនិងជីវបច្ចេកវិទ្យាជាដើម ។ សាកលវិទ្យាល័យក៏មានបង្រៀនជំនាញផ្សេងៗមួយចំនួនទៀតដូចជា មហា វិទ្យាល័យអក្សសាស្ត្រអង់គ្លេស មហាវិទ្យាល័យជំនួញសហគ្រិនភាពនិងបច្ចេកវិទ្យាជាដើម។ សាកលវិទ្យាល័យត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧។ បច្ចុប្បន្នសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង បុគ្គលិកនិងសាស្ត្រាចារ្យពេញម៉ោង សរុប១៧២ នាក់ នារី៨៨នាក់ និងសាស្ត្រាចារ្យក្រៅម៉ោងសរុប៣៣៧នាក់ នារី ៨៨នាក់។ ដោយឡែកនិស្សិតដែលកំពុងសិក្សាមានចំនួន២ ១៤៨នាក់នារី ១ ២៧៩ នាក់។ គិតចាប់ពីឆ្នាំសិក្សាឆ្នាំ២០០៦ -២០០៧ ដល់ឆ្នាំសិក្សា ២០២១ -២០២២ និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤ ០៤៦ នាក់ នារី២៣២៤នាក់។ យោតាមការស្ទង់មតិបានបង្ហាញថានិស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័ យអ្នកមានការងារធ្វើមានជាង៩៦ភាគរយ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង