ការចរចាប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ចាប់ផ្តើម ខណៈភាគីនិយោជក និងភាគីកម្មករ មិនទាន់បង្ហាញតួលេខនៅឡើយទេ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកាលថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ-និយោជិត នៅមិនទាន់អាចបង្ហាញបាននូវតួលេខប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៣ ដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមានៅថ្ងៃទី១៥ ខែសីហា ក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិក ផ្នែកវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និង ផលិត ផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម ៖ ១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋាន ក្នុងការ ប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំង ៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ ឆ្នាំ២០២៣ ។២- បានស្តាប់គោលជំហរ ពីតំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណៈវិនិច្ឆ័យ បែបសង្គម ( ស្ថានភាព គ្រួសារ អត្រា អតិផរណា និង ការចំណាយក្នុងការរស់នៅ ) និង លក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ( ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាព ទីផ្សារការងារ និង កម្រិតចំណេញរបស់វិស័យ ) ប៉ុន្តែភាគីតំណាង និយោជក និង ភាគី តំណាង កម្មករ និយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខ ដែលជាគោលជំហរផ្លូវការរបស់ខ្លន នៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្ដងទៀតសិន ។ ៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ថ្ងៃទី៣១ ខែសីហា , ថ្ងៃទី៧, ថ្ងៃទី១៤, ថ្ងៃទី២២ និង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជា្ជជីវៈ ៕ សម្រួលដោយ ទៀង បុណ្ណរី