ពូជខ្យងទុរ៉េនរបស់កសិដ្ឋាន ៤០០កំពុងមានទីផ្សារល្អជាពិសេសវាមានប្រូតេអ៊ីនច្រើនចំពោះសុខភាពរាងកាយមនុស្ស

ពូជខ្យងទុរ៉េនរបស់កសិដ្ឋាន៤០០ក្នុងខេត្ត មណ្ឌលគិរីកំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹម ជាពិសេសវាមានប្រូតេអ៊ីនច្រើនចំពោះសុខភាពរាងកាយមនុស្ស។ លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងទុរ៉េន និងជាម្ចាស់កសិដ្ឋាន៤០០ ឲ្យដឹងថា លោកបានចាប់យកការចិញ្ចឹមខ្យងទុរ៉េននេះ អស់រយៈពេលជាង១ឆ្នាំ មកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។លោកបានបន្តថា សម្រាប់ពូជខ្យងទុរ៉េននេះគឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងទុរ៉េននេះដែរ គឺវាស៊ីអាសូឡា និងបន្លែជាចំណីអាហារ។លោកបានបន្ថែមថា ខ្យងនេះ ងាយ ស្រួលចិញ្ចឹមជាងខ្យងដទៃ ទៀត មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើង អាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម តង់ និងឱ្យវាស៊ីបន្លែផ្លែឈើទុំដូចជា ៖ ផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងអាសូឡាជាចំណីអាហារ និងក្រោយ ពីការចិញ្ចឹមរយៈពេល៣ ទៅ ៥ខែ ទើបអាចប្រមូលផលបាន។លោកបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះលោកទទួលបានការគាំទ្រច្រើនពីអតិថិជនដែលទិញយកទៅបរិភោគ និងយកទៅចិញ្ចឹមលក់បន្ត ពីព្រោះខ្យងនេះមានរសជាតិឆ្ងាញ់ មិនរឹងពេក មិនទន់ពេក ងាយស្រួលក្នុងការទំពារ និងមានរូបរាងពណ៌សម្បុរ ស្អាត ជាពិសេស មានអត្ថប្រយោជន៍ក្នុងការជួយទ្រទ្រង់ ចំពោះសុខភាពរាងកាយមនុស្ស។  «ទាក់ទងនឹងបច្ចុប្បន្ននេះទីផ្សាររបស់វាគឺកំពុងមានទីផ្សារល្អហើយតម្លៃរបស់វាគឺថ្លៃ រហូតដល់១គីឡូ ១០០ដុល្លារ ហើយអំពីសុខ ភាពវាជួយទៅដល់សុខភាពបានច្រើន ជាពិសេសសុខភាពបន្តពូជ ហើយវាមានប្រូតេអ៊ីនខ្ពស់មែនទែន ដែលជួយដល់ការសាងសង់រាង កាយកុមារ យុវវ័យ ជាពិសេសសម្រាប់រាងកាយមនុស្សតែម្ដង»។ ម្ចាស់កសិដ្ឋានរូបនេះ បានអំពាវនាវឱ្យប្រជាកសិករដទៃទៀត គួរតែសាកល្បងចិញ្ចឹមសត្វ ឬក៏ដាំដំណាំផ្សេងៗជាជាងទុកដីឱ្យទំនេរចោល ជាពិសេស សូមឱ្យប្រជាពល រដ្ឋទាំងអស់ ជួយគាំទ្រកសិកម្មក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពពលរដ្ឋយើង ក៏ដូចជាលើកស្ទួយវិស័យកសិកម្មក្នុងខេត្តផងដែរ។ សូមបញ្ជាក់ថា កសិដ្ឋាន ៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយលោកបានចាប់យកមុខរបរផ្នែកកសិកម្មនេះ អស់រយ:ពេលជាង៦ឆ្នាំមកហើយ និងសព្វថ្ងៃកំពុងចិញ្ចឹមពូជខ្យងទុរ៉េនប្រមាណ៣០០អាង ដែលមានតម្លៃពងខ្យង២៥០ ដុល្លារ ក្នុង១គីឡូក្រាម និងពូជខ្យង សាច់ខ្យង ក្នុង១គីឡូ ក្រាម ១០០ដុល្លារ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង