មនុស្ស ៩នាក់ស្លាប់ និង ៦នាក់បាត់ខ្លួន នៅក្នុងជំនន់ទឹកភ្លៀងនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញ

មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ទឹកភ្លៀងធ្លាក់ខ្លាំងបំផុតដែលត្រូវបានគេជឿថាជាភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ១១៥ឆ្នាំមកនេះ បានវាយលុកទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ដែលបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួន ខណៈដែលទឹកភ្លៀងបានជន់លិចផ្ទះ យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដី។ ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិច Incheon និងខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលរងភ្លៀងធ្លាក់ខ្លាំងជាង ១០០មិល្លីម៉ែត្រក្នុងមួយម៉ោងកាលពីយប់ថ្ងៃចន្ទ ដោយធ្វើឱ្យសង្កាត់ Dongjak នៃទីក្រុងសេអ៊ូលមានកម្រិតទឹកភ្លៀង ១៤១,៥មីលីម៉ែត្រនៅចំណុចមួយ។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនោះបានធ្វើឱ្យមនុស្ស ៥នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈដែលនៅក្នុងខេត្ត Gyeonggi មានមនុស្ស ៣នាក់ស្លាប់ និង ២នាក់ផ្សេងទៀតបាត់ខ្លួន គិតត្រឹមម៉ោង ៦:០០ល្ងាច។ មនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងខេត្ត Gangwon។ ស្ថានីយ៍អាកាសធាតុស្វ័យប្រវត្តិរបស់រដ្ឋបាលឧតុនិយមកូរ៉េនៅក្នុងសង្កាត់ Dongjak បានកត់ត្រាកម្ពស់ទឹកភ្លៀងប្រចាំថ្ងៃនៅកម្រិត ៣៨១,៥មីលីម៉ែត្រសម្រាប់ថ្ងៃច័ន្ទ ដែលខ្ពស់ជាងកំណត់ត្រាផ្លូវការ ៣៥៤,៧មីលីម៉ែត្រដែលបានចុះបញ្ជីកាលពីក្នុងខែសីហា ឆ្នាំ១៩២០ និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមប្រព័ន្ធកត់ត្រាអាកាសធាតុទំនើបដំបូងរបស់ខ្លួនកាលពីក្នុងឆ្នាំ១៩០៧ មក។ ភ្លៀងធ្លាក់ក្នុងកម្រិត ១៤១,៥មីលីម៉ែត្រក្នុងមួយម៉ោងនៅក្នុងសង្កាត់ Dongjak ក៏ជាចំនួនខ្ពស់បំផុតសម្រាប់ទីក្រុងសេអ៊ូលផងដែរ ដែលលើសពីកំណត់ត្រា ១១៨,៦មីលីម៉ែត្រដែលបានកត់ត្រាកាលពីរដូវក្តៅឆ្នាំ១៩៤២។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា តួលេខចុងក្រោយបំផុតនឹងមិនមាននៅក្នុងសៀវភៅកំណត់ត្រាផ្លូវការទេ ដោយសារតែពួកគេមិនត្រូវបានប្រមូលនៅស្ថានីយ៍សង្កេតអាកាសធាតុស្តង់ដាររបស់ទីភ្នាក់ងារនៅក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល។ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់រហូតដល់កម្រិត ៣០០មីលីម៉ែត្រត្រូវបានគេព្យាករណ៍សម្រាប់តំបន់រដ្ឋធានីមួយនេះរហូតដល់ថ្ងៃព្រហស្បតិ៍ ជាមួយនឹងខេត្ត Gyeonggi នៅភាគខាងត្បូងដែលទំនងជានឹងមានភ្លៀងធ្លាក់លើសពីកម្រិត ៣៥០មីលីម៉ែត្រ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង