កសិករ នៅភូមិញើនឃុំស្តៅ ដាំពោតក្រហមចំណីសត្វទទួលបានជោគជ័យ
ស្ទឹងត្រែង៖ កសិករនៅភូមិញើន ក្នុងឃុំស្ដៅស្រុកសេសានខេត្តស្ទឹងត្រែង ចាប់ផ្ដើមដាំពោតក្រហមប្រភេទពោតចំណីសត្វមុនគេនៅក្នុងភូមិនេះ ដើម្បីធ្វើជាគំរូមួយសម្រាប់កសិករនៅទីជនបទ ឱ្យនាំគ្នាងាកមកដាំពោតប្រភេទនេះឱ្យបានច្រើន ព្រោះមានទីផ្សារបញ្ជាទិញ។ ក្នុងឱកាសដឹកនាំកសិករ នៅភូមិញើនចុះសិក្សាស្វែងយល់ពីដំណាំពោតក្រហមប្រភេទចំណីសត្វកាលពីថ្ងៃទី០៧ សីហា ឆ្នាំ២០២២កន្លងមកនេះ លោក នួយ.ប៊ុនធួយ មេឃុំស្តៅបាន បញ្ជាក់ថា៖ពោតមួយប្រភេទនេះដាំទទួលបានផលល្អជាងពោតធម្មតា ព្រោះវាធន់នឹងអាកាសធាតុប្រែប្រួល ហើយមានទីផ្សារបញ្ជាទិញ ស្រួលលក់ផងដែរ ដោយសារតែពោតធម្មតាយើង នាំទៅលក់ស្វែងរកអ្នកទិញ តែពោតចំណីសត្វនេះ អតិថិជនមកស្វែងរកទិញយកទៅវិញ។ លោកបន្តថា៖ប្រជាពលរដ្ឋយើងរស់នៅតាមដងទន្លេ មានដីមានជីជាតិ អំណោយផល ល្អទៅលើការដាំដំណាំរួមផ្សំ ដូច្នេះយើងត្រូវយកបទពិសោធន៍ពីកសិករគំរូនេះ ទៅអនុវត្តធ្វើឱ្យបានល្អជាងនេះ ។ សំឡេង៖ «ក្នុងនាមអាជ្ញាធរឃុំខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដី យើងត្រូវខំដាំ ដំណាំជាយុទ្ធសាស្ត្រ ដំណាំហូបផ្លែ ដំណាំវិលល្ងាច អ៊ីចឹងបានថាយើង និយាយរួមដំណាំកសិផលដែលយើងអាចធ្វើបាន ដាំដុះឱ្យបានច្រើនដើម្បីធ្វើឱ្យជីវភាពធូរធារជាងមុន»។ លោកស្រីផល្លី កសិករគំរូដាំពោតចំណីសត្វបានបញ្ជាក់ថា៖ ដំណាំរួមផ្សំនេះពិតជាបានផ្តល់ប្រាក់ចំណូលសម្រាប់កែប្រែជីវភាពរស់នៅបានពិតមែន ព្រោះពេលដាំទទួលបានផលមានអ្នកមកបញ្ជាទិញគ្រាប់ស្ងួតមួយគីឡូក្រាម ១០០០រៀល មិនចាំបាច់យកទៅអង្គុយលក់នៅទីផ្សារនោះទេ។ លោកស្រីរៀបរាប់ថា៖ ពោតចំណីសត្វមិនរើសដីទេ ងាយស្រួលដាំ ក្នុងរយៈពេលតែ១០០ថ្ងៃបានប្រមូលផល និងមានប្រយោជន៍ខ្លាំងចំពោះអ្នកចិញ្ចឹមគោ ក្របី ព្រោះដើមជាចំណីរបស់វា ចំណែក ផ្លែសម្រាប់មាន់ ជ្រូក។ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុក សេសាន បានគាំទ្រចំពោះ បទពិសោធដ៏ល្អនេះ ព្រោះបានបង្ហាញដល់កសិករនៅទីជនបទ ឱ្យចេះជ្រើសរើសយក ដំណាំមួយប្រភេទនេះ មកដាំដុះ ពេលទទួលផលមានទីផ្សារលក់ មិនកកស្ទះ និងមិនខាតកម្លាំង ដើមទុនពេលវេលាដែលខិតខំចំណាយធ្វើ ។ លោកស្នើឱ្យប្រជាកសិករផ្សេងៗទៀតនៅក្នុងភូមិនេះ មកសិក្សាយកចំណេះដឹងជាក់ស្តែងពីការដាំពោតចំណីសត្វ ហើយយកទៅអនុវត្តបន្តកុំទុកផ្ទៃដីនៅទំនេរ ត្រូវខំដាំដុះដំណាំរួមផ្សំ បង្កើនជីវភាពរស់នៅប្រចាំគ្រួសារ ក្នុងពេលដែលរាជរដ្ឋាភិបាលបានប្រគល់ដីឱ្យកាន់កាប់ស្របច្បាប់ហើយនោះ។ សូមបញ្ជាក់ថា៖នៅភូមិញើនឃុំស្តៅ ក្នុងស្រុកសេសាន មាន ប្រជាពលរដ្ឋរស់នៅប្រមាណជាង៤០០គ្រួសារសុទ្ធសឹងជាកសិករធ្វើស្រែចម្ការ បច្ចុប្បន្នពួកគាត់ដាំដំណាំដំឡូងមីច្រើនជាងគេ ក្រៅពីនោះមានពោត-សណ្តែក-ល្ង និងដំណាំរួមផ្សំផ្សេងៗជាច្រើនមុខទៀត ៕សម្រួលដោយ ទៀង បុណ្ណរី