មន្រ្តីជំនាញជួយសង្គ្រោះគោក្របីប្រជាពលរដ្ឋជាង២ម៉ឺនក្បាលនៅខេត្តស្ទឹងត្រែងឲ្យបានយរួចផុតពីជំងឺឆ្លងសត្វបន្ទាប់ពីស្លាប់អស់២១ក្បាលកន្លងមក

  ស្ទឹងត្រែង ៖ ការជួយសង្គ្រោះជីវិតគោក្របីរបស់ប្រជាពលរដ្ឋជាការដោះស្រាយបញ្ហាប្រឈមបាននៅមូលដ្ឋាន ហើយអភិបាលខេត្តដាស់តឿនកសិករឱ្យបង្កើនការ ថែទាំឱ្យបានត្រឹមត្រូវតាមមន្ត្រីជំនាញណែនាំ ដើម្បីបង្ការជំងឺឆ្លងសត្វ  កុំឱ្យឈឺឬស្លាប់បាត់បង់សត្វចិញ្ចឹមធ្វើឱ្យ ខាតបង់ផលប្រយោជន៍របស់ខ្លួន។ ក្នុងសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺ ឆ្លងសត្វ គោ ក្របី បន្ថែម នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី០៨សីហា ឆ្នាំ២០២២ ឯកឧត្តមស្វាយសំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា៖នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងគោក្របី ដូច្នេះបងប្អូនកសិករត្រូវខំថែទាំសត្វចិញ្ចឹមរបស់ខ្លួន ហើយអាជ្ញាធរនិងគាំទ្រផ្នែកបច្ចេកទេស ចៀសវាងមានហានិភ័យកើតឡើង។ ឯកឧត្តមមានប្រសាសន៍បន្តថា៖ការចិញ្ចឹមសត្វគ្រប់ប្រភេទ គោ ក្របី មាន់ ទា ជ្រូក រាប់បញ្ចូលទាំងការចិញ្ចឹមត្រីផង  បានផ្តល់ផលប្រយោជន៍ដល់បងប្អូនសម្រាប់ដោះស្រាយជីវភាពប្រចាំគ្រួសារ ប្រការនេះមន្ត្រីជំនាញត្រូវបណ្តុះបណ្តាលផ្នែកបច្ចេកទេសបន្ថែមដល់កសិករ ។  លោកទុំ នីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖កិច្ចការថែទាំនិងការបង្ហាញរបៀបធ្វើជីវអនាម័យសត្វ   ជារឿយៗមន្ត្រីជំនាញណែនាំបន្ថែមទៅគ្រប់កសិករយើងទាំងអស់  ទាំងអ្នកបានមកចូលរួមវគ្គបណ្តុះបណ្តាល  ក៏ដូចជាមិនបានមកក៏ដោយ។  លោកបន្តថា៖ជាមួយគ្នានេះក្នុងមួយឆ្នាំៗ មន្ត្រីផ្នែកបសុព្យាបាលសត្វតែងចុះទៅជួបផ្ទាល់និងបានប្រឹក្សាពីការថែទាំនិងចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងសត្វ  និងជំរុញបន្ថែមទៀតទៅកសិករមានគោក្របី ជាសត្វពាហនៈរបស់ពួកគាត់ទាំងអស់ ឱ្យនាំមកចាក់និងទទួលវ៉ាក់សាំងការពារជំងឺឆ្លង។ លោកមុំ ប៊ុនសាយ  ប្រជាពលរដ្ឋចិញ្ចឹមក្របីនៅភូមិកាំងមេម៉ាយបានគាំទ្រដល់សកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែមនេះ ព្រោះបានជួយសម្រួលនិងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងហើយក៏ទប់ស្កាត់បានករណីជំងឺឆ្លងគោក្របី ផ្សេងៗដូចជាដុំពក -អុតក្តាម- សាទឹក-បូសខ្យល់- ជាដើម។   លោកសៀងមេងហ៊ង ប្រធានការិយាល័យផ្នែកបសុព្យាបាលសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ នៅឆ្នាំ២០២២នេះបន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺឆ្លងសត្វមក. មន្ត្រីជំនាញអនុវត្តបានជាង២ម៉ឺនក្បាល ស្មើជាង៣០%ហើយនៅទូទាំងខេត្ត  ក្នុងចំណោមគោ ក្របីប្រជាពលរដ្ឋមានចំនួនជាង៦៨.០០០ក្បាល និងមានស្លាប់២១ក្បាលក្នុងនោះក្របី៦ក្បាលកាលពីកន្លងមក។  សូមបញ្ជាក់ថា៖ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការនិងព្យាបាលជំងឺឆ្លងសត្វ មន្ត្រីជំនាញបានណែនាំបន្ថែមឱ្យម្ចាស់គោក្របី   អនុវត្តវិធានថែទាំសត្វឱ្យបានត្រឹមត្រូវ   ហើយពេលមានផ្ទុះឡើងនូវជំងឺឆ្លងណាមួយ  ត្រូវរាយការណ៍មកមន្ត្រីពេទ្យសត្វស្ម័គ្រចិត្តភូមិ  ដែលនៅជិតបំផុតដើម្បីធ្វើអន្តរាគមន៍បានទាន់ពេលវេលា៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង