ជប៉ុនកំពុងពិចារណាលើសំណើរបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្ត ទៅកម្រិតថ្មីមួយ
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលើសំណើរបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្ត ទៅកម្រិតថ្មីមួយ ក្នុងការរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន នៅភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម រដ្ឋមន្រ្តីការបរទេសជប៉ុន យ៉ូហ្ស៊ីម៉ាសា បានកត់សម្គាល់ដោយក្តីពេញចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជា នៅក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលស្តែងឱ្យឃើញតាមរយៈកិច្ចប្រជុំកំពូលចំនួន២ រវាងនាយករដ្ឋមន្រ្តីនៃ ប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ខណៈឆ្នាំក្រោយជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស យ៉ូហ្ស៊ីម៉ាសា បានគូសបញ្ជាក់ថា ប្រទេសជប៉ុនកំពុងពិចារណាលើសំណើរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្ត ទៅកម្រិតថ្មីមួយ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ខាងលើ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ ជំនួយយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខ និងការកសាងសមត្ថភាពដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលយកដោយក្តីរីករាយនូវការអញ្ជើញរបស់សមភាគីជប៉ុនរបស់ឯកឧត្តម ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសជប៉ុននៅក្នុងឆ្នាំនេះ។ ក្នុងក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជា សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន ឆ្នាំ២០២៣ ដើម្បីរំលឹកខួបឆ្នាំទី៥០ ជា «ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ» និងចំពោះបំណង របស់ប្រទេសជប៉ុនក្នុងការកសាងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស យ៉ូហ្ស៊ីម៉ាសា បានអះអាងជាថ្មីនូវការគាំទ្រដ៏មុតមាំរបស់ជប៉ុនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន យ៉ូហ្ស៊ីម៉ាសា ក៏បានផ្លាស់ប្តូរ ទស្សនៈគ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផល ប្រយោជន៍ទៅវិញទៅមក៕សម្រួលដោយ ទៀង បុណ្ណរី