អត្តពលិកពិការកម្ពុជាបន្តឈ្នះមេដាយបន្ថែម ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី
អត្តពលិកពិការកម្ពុជាបន្តឈ្នះមេដាយប្រាក់ និងសំរឹទ្ធិបន្ថែម ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី គិតត្រឹមល្ងាចថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ដោយដណ្តើមបានមេដាយសរុប ៧គ្រឿង។ មេដាយចំនួន៧គ្រឿងនេះ រួមមាន៖ មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ២គ្រឿង លើ៤ប្រភេទកីឡា។ មេដាយមាស២គ្រឿងរកបានលើប្រភេទកីឡាបាល់បោះ វិញ្ញាសានារី៣ទល់៣ គឺ កីឡាការិនី អាន ស៊ីណែត, ឡាក់ សាវរី, ស៊ឹម ដា, សាន រដ្ឋា និងដួង ច័ន្ទរក្សា និងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយ ដោយកីឡាការិនី វ៉ិត ចាន់ថា (ពិការជើងម្ខាង T44 & F44)។ មេដាយប្រាក់៣គ្រឿង ដណ្តើមបានលើប្រភេទកីឡាហែលទឹក វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទ SB7 ដោយកីឡាករ ខូយ កុយ (ពិការដាច់ដៃម្ខាង និងជើងម្ខាង), មេដាយប្រាក់ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T54 ដោយកីឡាករ វ៉ាន់ វ៉ុន (ពិការជើងទាំងពីរ T54 និងមេដាយប្រាក់ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 ដោយកីឡាករ ហៀ ហុក ពិការជើងទាំងពីរ T53។ ចំពោះមេដាយសំរឹទ្ធិ២គ្រឿង រកបានដោយប្រភេទកីឡាវាយកូនឃ្លីលើតុ (វិញ្ញាសាជាក្រុម Class 1-3) កីឡាករ ឯក ញ្ញាណសមុទ្រ (ពិការជើងទាំងសងខាងTT3) និងកីឡាករ ពៅ ណុច (ពិការជើងទាំងពីរ និងដៃម្ខាង TT2) និងមេដាយសំរឹទ្ធិ១គ្រឿងទៀត រកបានដោយប្រភេទកីឡាហែលទឹក វិញ្ញាសាហែលកង្កែប ១០០ម៉ែត្រ ប្រភេទ SB9 ដោយកីឡាករ យ៉ាវ វណ្ណ: (ពិការជើងស្តាំ)។ ជាមួយគ្នានេះ ប្រភេទកីឡាកម្ពុជាមួយចំនួនកំពុងដំណើរការប្រកួត ដូចជា បាល់បោះជិះរទេះបុរស ៥ទល់៥ កម្ពុជា, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), បាល់បោះជនពិការភ្នែក, បាល់ទះអង្គុយបុរស-នារី, ប៊ូស្យានារី-នារី, អុកជាដើម ខណៈកម្ពុជានៅសល់ប្រភេទកីឡាមួយចំនួនទៀត ក្នុងចំណោម១១ប្រភេទកីឡា ដែលនឹងត្រូវបន្តការប្រកួតរបស់ខ្លួន នាថ្ងៃបន្តបន្ទាប់ទៀត។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកនាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា បានឱ្យដឹងពីប្រទេសឥណ្ឌូណេស៊ីតាមរយៈសារអេឡិចត្រូនិកមកថា ជ័យជម្នះជាបន្តបន្ទាប់នេះ បានធ្វើឱ្យប្រតិភូកីឡាសប្បាយរីករាយជាខ្លាំង ដោយដណ្តើមបានកិត្យានុភាពជូនជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិ ភូកីឡាកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏បានចូលរួមអបអរសាទរដោយផ្ទាល់ ក្រៅពីការចុះសិក្សាឈ្វេង យល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍មករៀបចំអាស៊ានប៉ារ៉ាហ្គេម បន្តវេន លើកទី១២ នៅកម្ពុជា។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ីនេះបានធ្វើឡើងពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡា៕សម្រួលដោយ ទៀង បុណ្ណរី