ឯកឧត្តម អ៊ុន ចាន់ដា អនុញ្ញាតឱ្យសមាគមរាជសីហ៍ ទទួលជួបសម្ដែងការគួរសម និងជូនអំណោយដល់រដ្ឋបាលខេត្ត

នៅព្រឹកចន្ទថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន អនុញ្ញាតឱ្យសមាគមរាជសីហ៍ ដឹកដោយឯកឧត្តម ស៊ូម សារឿន ប្រធានសមាគម និង ឯកឧត្តម ទេព យុទ្ធីប្រធាន ក្រុមប្រឹក្សាយោបល់ចូលជួបសម្តែងការគួរសម និងនាំនូវ អំណោយមនុស្សធម៌ជូនដល់រដ្ឋបាលខេត្តសម្រាប់កិច្ចការមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងនាមជាក្រុមប្រឹក្សាខេត្ត ជាគណៈអភិបាលខេត្តសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនៃសមាគមរាជសីហ៍ដែលបាន ចូលរួមឧបត្ថម្ភអំណោយជាស្បៀងអាហារដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ជួយដល់ជនជួបការ លំបាកក្នុងភូមិសាស្ត្រខេត្ត ពិសេសក្នុងកាលៈទេសៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែជា បញ្ហាប្រឈម។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានសម្តែងនូវការគាំទ្រ ចំពោះសកម្មភាពរបស់សមាគម រាជសីហ៍នៅលើទឹកដីនៃខេត្តកំពង់ចាម ដែលជាសកម្មភាពការងារសប្បុរសធម៌ និងមនុស្ស ធម៌របស់សមាគមរាជសីហ៍ មកលើជនជួបការលំបាកជនងាយរងគ្រោះដោយមិនប្រកាន់ និន្នាការនយោបាយប្រកាន់ពូជសាសន៍ និងសាសនាណាឡើយ ក្នុងន័យចូលរួមចំណែក សម្រេចបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ឯកឧត្តម អ៊ុន ចាន់ដា ក៏បានជូនពរដល់ថ្នាក់ដឹកនាំ និងសហការីនៃសមាគមរាជសីហ៍ ទាំងអស់ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ចៀសផុតពីជំងឺកាចសាហាវទាំង ឡាយ និងជួបនូវតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីខានឡើយ។ អំណោយដែលសមាគមន៍រាជសីហ៍ ប្រគល់ជូនដល់រដ្ឋបាលខេត្ត រួមមាន អង្ក២តោន មីជាតិ ១០០កេស ត្រីខ១០០កេស និងទឹកសុទ្ធ១០០កេស៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង