សុខសន្តិភាព និងស្ថិរភាពនយោ បាយបានធ្វើឱ្យការវិនិយោគនៅកម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា

ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្ដម  ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការ វិនិយោគនៅប្រទេសកម្ពុជា ពិសេសលើវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ មានកត្តា២ យ៉ាង នោះគឺកត្តាសន្តិភាព និងមានស្ថិរភាពនយោបាយ ដែលសម្តេចតេជោហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃកម្ពុជា ប្រឹងប្រែងរកបានមកដោយលំបាក។  ការបញ្ជាក់បែបនេះរបស់លោក កើត ឆែ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា របស់ក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី  នៅសាលប្រជុំ ដឺ ព្រីមៀ សេនធ័រ សែនសុខ ខណ្ឌសែន សុខរាជធានីភ្នំពេញ។   លោកកើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបើកសម្ពោធគម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាបានបង្ហាញឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដោយបានកៀរគរ អ្នកវិនិយោគ ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែខ្លាំង ខណៈ ៤៣ឆ្នាំនេះ ភ្នំពេញ បានប្រែមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍន៍យ៉ាង ច្រើន ។  លោកកើត ឆែ បានបន្តទៀតថា៖ ការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិស័យអចលនទ្រព្យ មានភាពរីកចម្រើនខ្លាំងក្លា គឺផ្តើមចេញមកពីកត្តា២យ៉ាង នោះគឺ កត្តាសន្តិភាព និងកត្តាស្ថិរភាពនយោបាយ ។លោកបាន បញ្ជាក់ថា ប្រទេសកម្ពុជា បើគ្មានសន្តិភាពពេញលេញទេ គឺគ្មាននរណាហ៊ានមកបណ្តាក់ទុនរកស៊ីនោះទេ ។គេមិនអាចយក លុយមករកស៊ីដោយភាពប្រថុយប្រថាននោះឡើយ។ ចំពោះកត្តាស្ថិរភាពនយោបាយវិញ កម្ពុជាមានតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានកំណើនកើនឡើង ក្នុងរង្វង់៧ភាគរយ ជាច្រើនឆ្នាំ លើកលែងតែក្នុងបរិបទកូវីដ-១៩ រយៈពេល២ឆ្នាំប៉ុណ្ណោះ ។ កត្តាទាំង២នេះ នឹងធ្វើឲ្យកម្ពុជាដើរ លើនាវាអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។   លោកកើត ឆែ បានមានប្រសាសន៍បន្តទៀតថា ៖ វិស័យឯកជន ជាដៃគូមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាល ។  លោក អេង លីឃ័ង នាយកក្រុមហ៊ុនខេមបេស្តេក មេនេចម៉ិន ខូ អិលធីឌី បានមានប្រសាសន៍ថា៖ គម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា មានទីតាំងជិតរង្វង់មូលអប្សារា គល់ស្ពានព្រែកព្នៅ ភាគខាងជើងរាជធានីភ្នំពេញ  ដែលអាចផ្តល់ឱកាសឱ្យធុរជន អាចធ្វើធុរកិច្ចនៅក្នុងគេហដ្ឋានរបស់ខ្លួនក្នុងមណ្ឌលពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង