រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញការតាក់តែងសេចក្តីព្រាងផែនការមេ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ កម្ពុជាឆ្នាំ២០២២-២០៣០ឱ្យបានឆាប់

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យ អង្គភាពពាក់ព័ន្ធ ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ កម្ពុជាឆ្នាំ២០២២-២០៣០ ដើម្បីឆាប់បានប្រើប្រាស់ដែលធានាឱ្យដំណើរការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ។ ក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូននិងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ កម្ពុជាឆ្នាំ២០២២-២០៣០ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែម ដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនការមេទាំងពីរខាងលើ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយ ក្រុមហ៊ុនYCHលើគម្រោងសិក្សាអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេអន្តរកាល ដែលបានអនុម័តជាផ្លូវការដោយ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មកាលពីខែមករា ២០២០។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥របស់កម្ពុជា ដែលផ្តោតជាសំខាន់លើការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលការងារអាទិភាពទាំងនោះរួមមាន៖ ១) ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ២) ការអភិវឌ្ឍន៍ធនធានមនុស្សល្អ ៣) ការបញ្ចុះតម្លៃភស្តុភារកម្ម និងដឹកជញ្ជូន ៤) ការរៀបចំខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេស៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង