មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនបញ្ជាឱ្យមន្រ្តីកងរាជអាវុធហត្ថចុះបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ល្បែង ស៊ីសងគ្រប់ប្រភេទដើម្បីធានា បាននូវភូមិឃុំមានសុវត្ថិភាព

ប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនបានណែនាំដល់យោធិន នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ត្រូវបំពេញតួនាទី ភារៈកិច្ចរបស់ខ្លួនបានល្អ។ លោកមានប្រសាសន៍លើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយការងារការអនុវត្តន៍តួនាទី ភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅសាល ប្រជុំកងរាជអាវុធហត្ថខេត្ត។ លោកឧត្តមសេនីយ៍បានបន្តថា៖ ក្នុងនាមយើងជាកងកម្លាំងបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិត្រូវមានសេចក្តីថ្លៃថ្នូរ វិន័យល្អ សម្រាប់ការរស់នៅក្នុងសង្គមជាតិ ជាពិសេសការអនុវត្តន៍តួនាទីភារកិច្ចរបស់យើងឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់មកឱ្យអនុវត្ត កុំប្រើតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើមិនគប្បីដែលធ្វើឱ្យប៉ះពាល់ដល់អង្គភាពរបស់យើង។  លោកឧត្តមសេនីយ៍បានបន្តថា៖ យោធិន នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថត្រូវចេះសាមគ្គីគ្នាផ្ទៃក្នុង និងរួបរួមសហការគ្នាក្នុងការបំពេញភារកិច្ច បន្តការហ្វឹកហ្វឺនរៀនសូត្រយកចំណេះដឹង វិន័យ ការ ប្រតិបត្តិរបស់កងរាជអាវុធហត្ថ និងខិតខំបម្រើដល់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពសុខដុមរមនា ក្នុងការរស់នៅ។ ជាងនេះទៅ ទៀតត្រូវចុះបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីធានាឲ្យភូមិឃុំមានសុវត្ថិភាព។ លោកឧត្តមសេនីយ៍បានជំរុញដល់មន្ទីរការិយាល័យនីមួយៗត្រូវចេះធ្វើផែនការ និងរបាយការណ៍មកថ្នាក់លើនូវបទល្មើសផ្សេងៗដើម្បីឱ្យអង្គភាពងាយ ស្រួលក្នុងការឆ្លើយតបបានទាន់ពេលវេលា។ ត្រូវចេះរស់នៅឱ្យមានអនាម័យ និងសម្អាតបរិស្ថាននៅក្នុងទីធ្លាអង្គភាពឱ្យមានសោភ័ណភាព រួមគ្នាដាំដំណាំបន្លែបង្ការផ្សេងៗដើម្បីផ្គត់ផ្គង់នៅក្នុងអង្គភាព ចៀសវាងចំណាយច្រើន។  លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានកោតសរសើរចំពោះកងរាជអាវុធហត្ថទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរមិនថាថ្ងៃបុណ្យ ទានឬថ្ងៃឈប់សម្រាក និងបានអំពាវនាវដល់យោធិន នាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថដែលមិនទាន់បានចាក់ វ៉ាក់សាំងដូសជំរុញត្រូវទៅចាក់ឱ្យបានគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន ព្រោះកម្ពុជាយើងមានឆ្លងជំងឺកូវីដ-១៩អូមីក្រុងបំប្លែងថ្មីក្នុងសហគមន៍។ សូមបញ្ជាក់ថា៖ តាមសេចក្តីសម្រេចស្តីពីការដំឡើងឋានន្តរសក្កិយោធិនរបស់អគ្គបញ្ជាការ លេខ១០ ដថស/០៦២២ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានដំឡើងឋានន្តរសក្កិ និងបំពាក់សក្កិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន២៣ នាក់ ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន១០ នាក់ និងថ្នាក់អនុសេនីយ៍ទោចំនួន១៣នាក់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង