លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ២០តោន ពីសប្បុរសជនដែលបានផ្តល់ជំនួយសប្បុរសធម៌ដើម្បីជួយដល់ការងារសង្គម
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌ពីសប្បុរសជន ដើម្បីយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅសហគមន៍។ ពិធីទទួលនេះបានប្រព្រឹត្ដទៅនាព្រឹកថ្ងៃ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់សប្បុរសជន លោក អៀង ពិសិដ្ឋ ដែលបានឧបត្ថម្ភអង្ករ២០តោន ជួយដល់មូលដ្ឋាន និងសហគមន៍ នៅខេត្តស្វាយរៀង ។ សន្ដានចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺបានបង្ហាញអំពីសាមគ្គីភាព និងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ។ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ កំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាក នៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្ន ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យក្រុមហ៊ុន ប្រកបអាជីវកម្មនៅកម្ពុជា ឱ្យកាន់មានតែមានការរីកចម្រើន និងទទួលបានការគាំទ្រលើវិស័យ សំណង់ ស្ពាន និងផ្លូវបេតុង នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ លើវិស័យ សំណង់ ឱ្យកាន់តែរីកចម្រើន ៕សម្រួលដោយ ទៀង បុណ្ណរី