ក្រសួងបរិស្ថានរៀបចំសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យាមេត្រីបរិស្ថាន
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន ចូលរួមជាអធិបតីនិងដឹកនាំសិក្ខាសាលាស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យាមេត្រីបរិស្ថាន និងផែនការសកម្មភាពបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ (ដែលហៅកាត់ថាTNA) ដោយមានការរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក Alaeldin Mohamed តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិកក្រុមការងារបច្ចេកទេសគម្រោង(TNA) និងលោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងទីប្រឹក្សាគម្រោង សរុបចំនួន ៤០ នាក់ (និង ២០ នាក់តាមប្រព័ន្ធ Zoom) សម្របសម្រួលសហការរវាងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងអង្គការសហប្រជាជាតិ អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម សហប្រជាជាតិ (UNIDO) ហើយគម្រោងនេះមានការគ្រាំអនុវត្តនិងបច្ចេកទេសដោយមូលនិធិអាកាសធាតុបៃតង(GCF)និងក្រុមហ៊ុនទីប្រឹក្សា (Climate Smart Initiative) ។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន បានលើកឡើងថារាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនដែលជាផែនការប្រកបដោយមហិច្ឆិតាក្នុងការចូលរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅប្រទេសកម្ពុជាត្រឹមឆ្នាំ២០៥០។ គម្រោង TNA នេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការកៀរគរថវិកាសម្រាប់អនុវត្តសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយចីរភាព និងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន។
សូមបញ្ជាក់ថា គោលបំណងសំខាន់របស់សិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពបច្ចេកវិទ្យា (Technology Action Plan – TAP) ដែលបង្ហាញពីសកម្មភាពត្រូវអនុវត្តបច្ចេកវិទ្យាអាទិភាពទាំង១០ ដើម្បីទទួលបានយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ សំដៅកែលម្អផែនការសកម្មភាពបច្ចេកវិទ្យានេះឱ្យបានល្អប្រសើរ។ អង្គសិក្ខាសាលាបានសម្រេចផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមាន ១)ការប្រើប្រាស់អំពូលភ្លើងសន្សំសំចៃអគ្គិសនី (LED) ២) ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ៣)ការប្រើប្រាស់សូឡា PV នៅលើដំបូលអគារ ៤) ការដុតជីវម៉ាសដើម្បីបង្កើតកំដៅ ៥)ការបម្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ ៦) ការធ្វើជីកំប៉ុស្ត ៧) ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ៨)ការបំពាក់នាឡិកាទឹក និងបរិក្ខាលាងសម្អាតដែលសន្សំសំចៃទឹក ៩) ការត្រងទឹកភ្លៀងពីដំបូលអគារ និង ១០) ផែនការគ្រប់គ្រងគ្រោះមហន្តរាយ។សម្រួលដោយ ទៀង បុណ្ណរី