រដ្ឋបាលខេត្តស្ទឹងត្រែងសហការនឹងមន្ទីរអភិវឌ្ឍន៍ជនបទនាំយកគ្រាប់ត្នោតពូជចំនួន3ម៉ឺនគ្រាប់ដាំនៅតាមផ្លូវជាប់ព្រំដែនកម្ពុជា-ឡាវ
ខេត្តសឹ្ទងត្រែង៖ នៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2022 ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្ត្រីក្រោមឱវាទ រួមសហការជាមួយមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត បាននាំយកគ្រាប់ត្នោតពូជចំនួន3ម៉ឺនគ្រាប់ មកដាក់ដាំនៅតាមផ្លូវខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចចាប់ពីបង្គោលព្រំដែនលេខ 042 ទៅបង្គោលព្រំដែនលេខ 049 ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដើមត្នោតជារុក្ខជាតិដែលផ្ដល់នូវគុណសម្បត្តិបានច្រើនយ៉ាង ដល់ប្រជាជនខ្មែរ តាំងពីសម័យបុរាណកាលមក និងជានិមិត្តសញ្ញាតំណាងអត្ដសញ្ញាណជាតិនៃដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរ ធ្វើការសម្គាល់ភាពជាទឹកដីរបស់ខ្លួនពីបុរាណរហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា សកម្មភាពនៃការចុះដាំដើមត្នោតឬគ្រាប់ត្នោតពូជនៅក្នុងថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្ត របស់ខេត្តស្ទឹងត្រែងយើង ដើម្បីថែរក្សាអត្តសញ្ញាណជាតិ ដួងព្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយ ឲ្យចេះស្រឡាញ់នូវអ្វី ដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន។
លោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានក្នុងខេត្តឲ្យដឹងថា គ្រាប់ត្នោតពូជ ដែរជ្រើសយក មកដាក់ដាំនៅតាមបណ្ដោយសងខាងផ្លូវនៃខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ មានចំនួនន06លើកហើយ។ ដាំនៅលើកទី1 ក្នុងឆ្នាំ2016 ដែលមានចំនួនគ្រាប់ឆ្នោតពូជ ប្រមាណជា 11.500 គ្រាប់ .លើកទី 2 ដាំនៅឆ្នាំ 2017 មានចំនួនគ្រាប់ត្នោត10000 គ្រាប់ .លើកទី 3 ដាំនៅឆ្នាំ 2018 មានគ្រាប់ឆ្នោតពូជចំនួន 25000 គ្រាប់ .លើកទី 4 ដាំនៅឆ្នាំ 2019 មានចំនួនគ្រាប់ត្នោត 30000គ្រាប់ .លើកទី5 មានចំនួនគ្រាប់ត្នោត100000 គ្រាប់ និងលើកទី6 គឺដាំនៅក្នុងឆ្នាំ 2022នេះ ដែលមានគ្រាប់ត្នោតពូជចំនួន30000គ្រាប់ ៕(ដោយសហការី tnm ស្ទឹងត្រែង)សម្រួលដោយ ទៀង បុណ្ណរី