គ្រូបង្រៀនស្ត្រីជនជាតិបារាំងម្នាក់ស្លាប់មិនដឹងមូលហេតុនៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់ជាជនជាតិបារាំងធ្វើជាគ្រូបង្រៀនបានដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ ដោយមិនដឹងពីមូលហេតុអ្វី កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុច ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាស្រ្តីជនជាតិបារាំងវ័យកណ្តាលម្នាក់នោះមាន ឈ្មោះ ALIANCHE Iris អាយុ៤៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ ដែលកាន់លិខិតឆ្លងដែនលេខ២០ED១៧៨១៥ បានស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ ប្រភពពីសមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ រួមនិងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យ ដោយមានការដឹកនាំសម្របសម្រួលពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យឲ្យជំនាញធ្វើកោសល្យវិច្ឆ័យ ក្រោយពីពិនិត្យនិងបានវិភាគសាកសពនៅកន្លែងកើតហេតុ យ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យរួចរាល់ បានធ្វើការសន្និដ្ឋានថា សាកសពរបស់ស្រ្តីជនជាតិបារាំងដែលរងគ្រោះនោះ គឺពិតជាបានស្លាប់ ដោយសារ មានជម្ងឺប្រចាំកាយ (ជម្ងឺហឺត)។ តាមការឆ្លើយបំភ្លឺពីម្ដាយនៃសពខាងលើ គាត់បានបញ្ជាក់ថា កូនស្រីរបស់គាត់មានជម្ងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំមកហើយ មិនតែប៉ុណ្ណោះកូនស្រីរបស់គាត់ចូលចិត្ត ផឹកស្រា និងជក់បារីជាប្រចាំ។ បច្ចុប្បន្នសព ក្រោយពីបានកម្លាំងជំនាញពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅដំកល់ទុកធ្វើបុណ្យ៕(ដោយសហការី tnm ស្ទឹងត្រែង)សម្រួលដោយ ទៀង បុណ្ណរី