ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ច្បាប់ដែលអាចឆ្លងចេញបាន គឺផ្អែកលើគោល ការណ៍អន្តរជាតិ ហើយក៏ពាក់ពន្ធ័សភាពការណ៍ជាក់ស្តែងក្នុងប្រទេសដែរ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ច្បាប់ដែលអាចឆ្លងចេញបាន គឺផ្អែកលើគោល ការណ៍អន្តរជាតិ ហើយក៏ពាក់ពន្ធ័សភាពការណ៍ជាក់ស្តែងក្នុងប្រទេសដែរ។ ការបញ្ជាក់បែបនេះនៅក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន គឺក្រសួងព័ត៌ មាន បានសហការជាមួយអង្គការ UNESCO រួមទាំងដៃគូរពាក់ពន្ធ័ ក្រសួងស្ថាប័ននានា ហើយចុងក្រោយនេះ មានការចូលរួមពិនិត្យ ដោយក្រសួងយុត្តិធម៌ ហើយបញ្ជូនទៅគណៈរដ្ឋមន្រ្តី ប៉ុន្តែក្នុង រយៈពេលថ្មីនេះ គឺមានសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដាក់ទៅខុទ្ទកា ល័យសម្តេចនាយករដ្ឋមន្រ្តី ហើយលិខិតនេះ ក៏បានប្រគល់មកឱ្យក្រសួងព័ត៌មាន ពិនិត្យឡើងវិញ។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនខ្លះ បានចូលរួមពិនិត្យពិភាក្សាកែសម្រួលនូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាមួយក្រសួងព័ត៌មានរាប់ឆ្នាំកន្លងមក ហើយក៏បានឯកភាពគ្នាម្តងរួចមកហើយដែរ តែបែរជាត្រឡប់មកក្រោយវិញ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ច្បាប់ដែលអាចឆ្លងចេញបាន គឺផ្អែកលើគោលការណ៍អន្តរជាតិ ហើយក៏ពាក់ពន្ធ័សភាពការណ៍ជាក់ស្តែងក្នុងប្រទេស ហើយអ្វីសំខាន់គឺសភាពការណ៍នយោបាយ ។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំណត់អំពីសិទ្ធិនិងកាតព្វកិច្ចក្នុងការទទួលនិងផ្ដល់ព័ត៌មាន នីតិវិធី ស្នើសុំនិងផ្តល់ព័ត៌មាន និងអំពីព័ត៌មានសម្ងាត់ក្នុងគោលបំណង ដើម្បីធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ។ សេចក្តីព្រាងច្បាប់នេះកំណត់អំពីសិទ្ធិនិងកាតព្វកិច្ចនៃការទទួលនិងផ្ដល់ព័ត៌មាន គោលការណ៍ វិធាន នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន ព័ត៌មានសម្ងាត់ និងកិច្ចការពារអ្នកផ្ដល់ព័ត៌មានក្នុងគោលបំណង ដើម្បីធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ និងកាត់បន្ថយព័ត៌មានសម្ងាត់ឱ្យមានកម្រិតអប្បបរមាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង