បុរសម្នាក់លោតពីលើស្ពានមេគង្គចូលក្នុងទឹកទន្លេមិនដឹងមូលហេតុ
ខេត្តស្ទឹងត្រែង: កាលពីថ្ងៃទី 1 ខែកក្កដាឆ្នាំ 2022 មានបុរសម្នាក់ធ្វើអត្តឃាតខ្លួនឯង បានលោតពីលើបង្កាន់ដៃស្ពានមេគង្គចូលទៅក្នុងទឹកទន្លេ ដោយមិនដឹងពីមូលហេតុ នៅរស់ឬក៏ស្លាប់ មកទល់នឹងថ្ងៃទី2 ខែកក្កដានេះ គេនៅមិនទាន់ប្រទះឃើញសពនៅឡើយទេ ទីកន្លែងកើតហេតុ នៅចំណុចលើស្ពានមេគង្គ ស្ថិតនៅក្នុងសង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាបុរស់ម្នាក់ដែលលោតពីលើស្ពានមេគង្គចូលក្នុងទឹកទន្លេនោះ មានឈ្មោះគង់អាយុ37ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នមករស់នៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចបានបញ្ជាក់ថា ខណៈពេលនោះសមត្ថកិច្ចបានសួរនាំ ដល់ស្ត្រីម្នាក់នៅទីកន្លែងកើតហេតុនោះ គឺត្រូវជាប្រពន្ធរបស់បុរស់ ដែលលោតទឹកសម្លាប់ខាងលើនោះ បានប្រាប់ថា មុនពេលកើតហេតុរូបគេទាំងពីរនាក់ប្ដីបាននាំគ្នាទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ ពិនិត្យរួចហើយលោកគ្រូពេទ្យឆ្លើយប្រាប់ថា ប្ដីរបស់នាងមានគ្រោះនៅក្នុងតំរងនោម បើត្រូវការព្យាបាល នឹងត្រូវចំណាយលុយអស់ប្រមាណជា 80ម៉ឺនរៀល។ ហើយក៏បាននាំគ្នាចេញពីមន្ទីរពេទ្យមកផ្ទះវិញ ដោយពួកគេទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាទៅឈប់លេងនៅលើស្ពានមេគង្គ នៅពេលកំពុងឈរ ក៏ស្រាប់តែប្ដីរបស់នាង សុខៗបានឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកទន្លេមេគង្គតែម្តង។ ប្រភពបានខាងលើបញ្ជាក់បន្តថា ក្រោយពៅជនរងគ្រោះបានលោតចូលក្នុងទឹកទន្លេមេគង្គរួចហើយ ភ្លាមៗនោះមានខាងប្រជាការពារនៅសង្កាត់ព្រះបាទក៏បានចេញទូកទៅជួយស្វែងរកផងដែរប៉ុន្តែរកពុំឃើញសោះ ប្រហែលបុរសនោះបានលិចចូលទៅក្នុងទឹកទន្លេដ៏ជ្រៅបាត់មិនបានផុសឡើងមកវិញ៕ (ដោយ សហការី tnm ខេត្តស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី