បុរសមានវ័យ៦០ឆ្នាំម្នាក់ បានកែប្រែពីមុខរបរនេសាទ មកបើកផ្ទះស្នាក់ សម្រាប់ទទួលភ្ញៀវទេសចរវិញ

បុរសវ័យចំណាស់អាយុ៦០ ឆ្នាំម្នាក់ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប បានកែប្រែពីមុខរបរនេសាទ មកបើកសេវាកម្មផ្ទះស្នាក់ សម្រាប់ទទួលភ្ញៀវទេសចរវិញ ដើម្បីលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ។ លំនៅឋានជាច្រើនខ្នងសាងសង់អំពីឈើខ្ពស់ៗផុតពីដី របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំង ដែលជាឃុំមួយជាប់តំបន់បឹងទន្លេសាប កំពុងបើកទទួលស្វាគមន៍ភ្ញៀវទេសចរទៅស្នាក់នៅកម្សាន្ត និងការស្វែងយល់ពីជីវភាព រស់នៅរបស់អ្នកស្រុកក្នុងតំបន់បឹងទន្លេសាប។ បើលោកអ្នកសម្លឹងមើលផ្លាកនៅខាងមុខផ្ទះ ឬឡើងទៅដល់ខាងលើផ្ទះ យើងនឹងឃើញទិដ្ឋភាពប្លែកភ្នែក មានរៀបចំ ជាគ្រែឃ្លាតៗគ្នាបន្តិច លម្អទៅដោយពូក ខ្នើយ មុង ភួយ ដូចមានរៀបចំនៅតាមផ្ទះសំណាក់ឬសណ្ឋាគារប្រណិតៗ នៅទីតាមទីប្រជុំ ជននានាដែរ តែមានបរិយាកាសបរិសុទ្ធ ខ្យល់ត្រជាក់ គួបផ្សំនឹងសំឡេងទូក កាណូតបើកឆ្លងកាត់ទៅមក យូរៗម្តង គួរឱ្យភ្ញៀវទេសចរចង់ស្នាក់នៅ។ លោកប៊ុន ឆាន់ អាយុ៦០ឆ្នាំ ម្ចាស់ផ្ទះស្នាក់មួយ ក្នុង ចំណោមផ្ទះស្នាក់ជាច្រើន នៅតំបន់ទេសចរណ៍កំពង់ឃ្លាំង ស្ថិតនៅភូមិមុខវត្ត ឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម ខេត្ត សៀមរាប បានប្រាប់អ្នកយក ព័ត៌មានទូរទស្សន៍អនឡាញ TNM  ថា ដើមឡើយលោកមានមុខរបរជាអ្នកនេសាទ រកត្រីយកមកលក់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងគ្រួសារតែប៉ុណ្ណោះ។ ដោយលោកយល់ថា មុខរបរនេសាទ មិនអាចជាប់លាប់ស្ថិតស្ថេរ និងធ្វើឱ្យជីវភាពគ្រួសារបានល្អប្រសើរនោះ ជាពិសេសកូនៗ នៅក្នុងបន្ទុកមានរហូត៧នាក់ មិនអាចឱ្យពួកគាត់ បន្តយកមុខរបរពីឪពុកបានឡើយ លោកក៏ខិត ខំតស៊ូ ជំរុញកូនឱ្យបន្តការ សិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រស្ទើរតែគ្រប់គ្នា។ បុរសវ័យ៦០ឆ្នាំ រូបនេះបន្តថា ក្រោយពេលកូនៗ បញ្ចប់ការ សិក្សា ទទួលបានការងារធ្វើគ្រប់ៗគ្នារួចមក ពួកគាត់ក៏មានគំនិត ចង់បង្កើតជាផ្ទះស្នាក់មួយ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកសម្រាកលម្ហែនៅតំបន់ទេសចរណ៍កំពង់ឃ្លាំងនេះ។ លោកបន្តទៀតថា ផ្ទះស្នាក់របស់លោក បានបង្កើតឡើងរយៈពេល៣ឆ្នាំមកហើយ មុនពេលវិបត្តិជំងឺកូវីដ១៩ មាន ការនិយមចូលចិត្តមកសម្រាកយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ទោះបីបច្ចុប្បន្នចំនួនភ្ញៀវមានការធ្លាក់ចុះ តែក៏នៅមានភ្ញៀវជាតិ និងអន្តរជាតិចូលមកសម្រាកជាហូរហែ។ ក្នុងម្នាក់១០ដុល្លារភ្ញៀវដែលមកសម្រាកនៅ កន្លែងនេះ សម្រាប់អាហារចាប់ពី៣ដុល្លារទៅ៧ដុល្លារក្នុងម្នាក់ មុនកើតកូវីដនោះភាគច្រើនតែបរទេសមកសម្រាក មកពេលទីនេះគាត់អត់ខ្វល់ថាចង្អៀតអីទេ ពេលគាត់មកសម្រាក់គាត់សប្បាយ ចិត្ត។ លោកសោ ប៊ុនចំរ៉ុង សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង មានប្រសាសន៍ថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ ឃ្លាំង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ នៅទីនេះភ្ញៀវទេសចរអាចទស្សនា លំនៅឋានប្រជាពលរដ្ឋខ្ពស់ៗផុតពីទឹក ផ្ទះបណ្តែតទឹក តំបន់ព្រៃលិចទឹកអភិរក្ស និងទស្សនាផ្ទៃបឹងទន្លេសាបជា ដើម។ ក្រោយពេលបង្កើតជាសហគមន៍មក ប្រជាពលរដ្ឋរស់នៅតំបន់នេះ ក្រៅពីមុខ របរនេសាទ ពួកគាត់មួយ ភាគធំ បានពឹងអាស្រ័យទៅ លើវិស័យទេសចរ ដូចជា បើកទូក កាណូតជូនភ្ញៀវទស្សនាបឹងទន្លេសាប ផ្តល់សេវាកម្មផ្នែកម្ហូបអាហារ និងបង្កើតជាផ្ទះស្នាក់របស់ភ្ញៀវមកសម្រាកលម្ហែជាដើម។ បើយើងនិយាយពីសមាជិកដែលរករបរទេស ចរណ៍នេះជាង២០០គ្រួសារ ទូក១១០ សេវាផ្ទះស្នាក់មាន៦ ហើយផ្ទះស្នាក់នៅនេះបានជាប់ផ្ទះស្នាក់អាស៊ាន កាលមុនកូវីដនេះឯង សម្រាប់ម្ហូបអាហារទេសចរណ៍ គឺអាច កម្ម៉ង់គឺខុសពីខាងលើ ខាងខ្ញុំនេះភ្ញៀវដែលកម្ម៉ង់លុះត្រាតែកម្ម៉ង់គេមុនទើបបានហូប បើយើងមកដល់ភ្លាមកម្ម៉ង់ភ្លាមមិនដូចចិត្តយើងទេ។ សូមជម្រាបផងដែរថា កំពង់ ឃ្លាំងជាសហគមន៍ទេស ចរណ៍ធម្មជាតិមួយកន្លែង ក្នុងស្រុកសូទ្រនិគម ខេត្តសៀម រាប មុនពេលវិបត្តិនៃជំងឺកូវីដ ១៩ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃ បានទៅទស្សនានៅទីនេះ ដោយ សារមានសក្តានុពល ដូចជា មានលំនៅឋានប្រជាជនខ្ពស់ៗផុតពីទឹក ផ្ទះបណ្តែតទឹក ការជិះទស្សនាផ្ទៃបឹងទន្លេ សាប និងព្រៃអភិរក្សរបស់សហគមន៍ ជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង