ក្រសួងពាណិជ្ជកម្ម ផ្តល់សិទ្ធិផ្តាច់មុខឱ្យក្រុមហ៊ុន អូឌីម៉ាស់ នាំចូល និងចែកចាយផលិតផលជណ្តើរយន្តម៉ាក XIZI
(ភ្នំពេញ)៖ បន្ទាប់ពីបាននាំចូលជណ្តើរយន្តម៉ាក OTIS ដោយទទួលបានការគាំទ្រខ្លាំងនៅកម្ពុជាហើយនោះ ពេលនេះក្រសួងពាណិជ្ជកម្ម បានសម្រេចផ្តល់សិទ្ធិផ្តាច់មុខជូនក្រុមហ៊ុន អូឌីម៉ាស់ (ខេមបូឌា) ឯ.ក ក្នុងការនាំចូល និងចែកចាយផលតិផលជណ្តើរយន្តម៉ាក XIZI មួយបន្ថែមទៀត។ តាមរយៈលិខិតជម្រាបទៅប្រធានក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ជូនលោក/លោកស្រីប្រធានជ្រាបថា តាមរយៈការចុះបញ្ជីម៉ាកដែលមានលេខចុះបញ្ជី KH/៨៦៩៧១/២២ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនរបស់លោក/លោកស្រី បានទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាកនេះ ក្នុងការផលិត នាំចូល ចែកចាយ ដាក់តាំង ឬផ្សព្វផ្សាយ ចំពោះទំនិញដែលជាកម្មវត្ថុនៃការចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាស្វ័យប្រវត្តិ ដូចមានចែងក្នុងមាត្រា៣ និងមាត្រា១១ នៃច្បាប់ដែលបានយោងខាងលើនេះ»។ក្រសួងបានបញ្ជាក់ថា ការផ្តល់សិទ្ធិនេះមានរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ហើយអាចនឹងត្រូវអស់សុពលភាពជាស្វ័យប្រវត្តិវិញ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ (ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២) ក្នុងករណីដែលការចុះបញ្ជីម៉ាកត្រូវបានបាត់បង់សុពលភាពដោយប្រការណាមួយនោះ។ សូមបញ្ជាក់ថា ផលិតផលជណ្តើរយន្តម៉ាក XIZI មានអាយុកាលពេលជាង ៣០ឆ្នាំហើយ ហើយបានផ្តល់នូវដំណោះស្រាយក្នុងការផលិត ការផ្គត់ផ្គង និងដឹកជញ្ជូនដ៏ឆ្នើមបំផុតជាង ៦០ប្រទេស នៅក្នុងតំបន់ និងលើពិភពលោក ដោយការទទួលស្គាល់ទីផ្សារ និងការជឿទុកចិត្តខ្ពស់ពីដៃគូ៕