សម្តេច ហ៊ុន សែន សម្រេចឱ្យដេញចេញ និងលែងឱ្យចូលពកម្ពុជាវិញ ចំពោះជនបរទេសគេចវេះមិនសហការធ្វើចត្តាឡីស័ក

TNM(ភ្នំ​ពេញ​) (២៣ កុម្ភៈ ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះ ជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

តាមរយៈលិខិតខាងលើនោះ កន្លងមកក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ២៨ វិច្ឆិកា និងព្រឹត្តិការណ៍ ២០ កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះបញ្ហាបុគ្គល ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រម​ទាំងទីតាំងមិន​សហការ ចំពោះកិច្ច​ប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គល​ផ្ទុក​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការមាន​​ភាពយឺតយ៉ាវ និង​ខ្វះ​ចន្លោះ​ ហេតុដូចនេះដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ​ទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩​ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំ​គោលការណ៍ដ៏ខ្ពង់ខ្ពស់​ពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជ នូវវិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែលមិន​សហការ​នូវវិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម៖

១) ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។

២) ចំពោះជនជាតិខ្មែរ សូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់។

៣) ចំពោះទីតាំងសូមដកហូតអាជ្ញាបណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

 

អត្ថបទដែលជាប់ទាក់ទង