គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៨គ្រួសារ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុម ប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកមេសាង អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៨គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន ៥គ្រួសារ និងខូចខាតមធ្យម ចំនួន ៣គ្រួសារ នៅភូមិចំនួន ៦ ក្នុងឃុំជីផុច ព្រៃឃ្នេស និងឃុំ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវសេចក្តីនឹករលឹករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់គ្នាៗ។សម្រួលដោយ ទៀង បុណ្ណរី