មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងគណគ្រប់គ្រងសាលា ជាកត្តានាំមកភាពជោគជ័យលើការផ្តល់សេវាអប់រំប្រកបដោយគុណតម្លៃ និងការទទួលខុសត្រូវខ្ពស់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាក់ថា ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន និងគណគ្រប់គ្រងសាលារៀន គឺជាកត្តាគន្លឹះមួយដែលនាំទៅរកភាពជោគជ័យក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណតម្លៃការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាពនៅគ្រប់កាលេះទេសះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបាតរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលរៀបចំឡើងរយះពេល២ថ្ងៃចាប់ពីថ្ងៃទី២៣-២៤ខែមិថុនាឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំខេត្ត ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានមានប្រសាសន៍បន្តថា គ្រូបង្រៀនត្រូវតែមានចំណេះដឹងថ្មីៗ និងគរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល ជាអ្នកបន្តវេនសម្រាប់សង្គមជាតិនាថ្ងៃអនាគត់ ។ ឯកឧត្តម ស៊ាន បូរ៉ាត បន្ថែមទៀតថា វិស័យអប់រំពិតជាត្រូវការចាំបាច់នូវភាពជាអ្នកដឹកនាំ ដែលមានភាពវៃឆ្លាត រស់រវើក បុរេសកម្ម និងទន់ភ្លន់ ក្នុងការដោះស្រាយបញ្ហា ព្រមទាំងឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍នៃវិបត្តិដែលបង្កឱ្យមានភាពរអាក់រអួលក្នុងការបង្រៀន និងការរៀននៅទូទាំងប្រទេស ដូច្នោះការបង្កើននិងពង្រឹងសមត្ថភាពរបស់គ្រូបង្រៀន វាពិតជាសំខាន់ និងតម្រូវឱ្យគ្រូបង្រៀនទាំងអស់ត្រូវតែខិតខំអភវិឌ្ឍសមត្ថភាពខ្លួនឯងឱ្យសមស្របនឹងសម័យបច្ចេកវិទ្យាបច្ចេកទេស និងអនាគត់ផងដែរ ។ បើតាម ឯកឧត្តម ស៊ាន បូរ៉ាត ដើម្បីធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូអ្នកគ្រូ និងមាតាបិតាឬអាណាព្យាបាល សូមមេត្តាចូលរួមបន្តការចូលរួមទទួលខុសត្រូវ និងធានាថា កុមារទាំងអស់ដែលជាទំពាងស្នងឬស្សីត្រូវបានចូលរៀន ដើម្បីការរីកលូតលាត់នៃរាងកាយប្រកបដោយប្រាជ្ញាស្មារតីល្អរឹងមាំ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅសតវត្សទី២១នេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើទៅដល់ បុគ្គលិកអប់រំទូទាំងខេត្តត្រូវអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងយុវជនយុវនារីទាំងអស់ឱ្យខិតខំ រៀនសូត្រឱ្យបានល្អខ្ជាប់ខ្ជួនព្រមទាំងចូលរួមគ្រប់សកម្មភាពនានា ដើម្បីគាំទ្រដល់ដំណើរការការអភិវឌ្ឍសាលា និងសង្គមជាតិរបស់យើង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងសាលារៀន ពិសេសបំផុសចលនាដល់សិស្សានុសិស្សឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ៕សម្រួលដោយ ទៀង បុណ្ណរី  

អត្ថបទដែលជាប់ទាក់ទង