យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងពញ្ញាក់ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងពញ្ញាក់ស្មារតី ប្រជាជនកម្ពុជាទូទៅឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដែលផលិតករ កសិករកម្ពុជា ផលិតបាននៅតាម មូលដ្ឋាន ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ ជាពិសេសបានជួយពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារ កាន់តែច្រើននៅតាមសហគមន៍ បានផ្ដល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណា ជំរុញពួកគាត់ផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្ត សម្រាប់អ្នកប្រើប្រាស់ ។ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ នៅពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៧ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរបានចំនួន៧រដូវកាលកន្លងមកហើយ ។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ជាលទ្ធផលឃើញថា ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ពីរដូវកាលមួយទៅរដូវកាលមួយ ធ្វើឱ្យការគាំទ្រនិងការប្រើប្រាស់ផលិតផលក្នុងស្រុកមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ម្យ៉ាងទៀត បានធ្វើឱ្យផលិតផលខ្មែរចាប់ផ្តើមរីកដុះដាល និងមានវត្តមានលើទីផ្សារកាន់តែច្រើនឡើងទាំងទីផ្សារធម្មតា ផ្សារទំនើប ទីផ្សារក្នុងអាកាសយានដ្ឋាននិងនៅបរទេស និងអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាននិងកំពុង ធ្វើចរាចរ ក្នុងទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្តនូវរបបទីផ្សារសេរី។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខ្មែរ បន្លែ និងផ្លែឈើ ដែលធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២២ នាក្រុងសៀមរាបនេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ និងផ្លែឈើ និងផលិតផលរបស់សហគមន៍ ផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៤។ ក្នុងឱកាសនេះផងដែរ គណៈកម្មការរៀបចំពិព័រណ៍បានជ្រើសរើសមុខម្ហូបល្បីៗរបស់ស្រុកទាំង១២នៃខេត្តសៀមរាប និងមាន ការប្រកួតចម្អិនម្ហូបខ្មែរដោយក្រុមការងារចុងភៅក្នុងខេត្តសៀមរាប ដើម្បីជូនភ្ញៀវទស្សនាផងដែរ។ នៅក្នុងពិធីសម្ពោធពិព័រណ៍នេះ ក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាពាណិជ្ជកម្ម ចំនួន៥ លើកិច្ចការជំរុញពាណិជ្ជកម្ម និងការស្វែងរកទីផ្សារជូនកសិករ ផលិតករ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនពាណិជ្ជករ ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការផ្គត់ផ្គង់ទំនិញក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយវិបត្តិកូវីដ-១៩ និងពាណិជ្ជករកម្ពុជា ដែលបានសហការជាមួយក្រសួង ក្នុងការរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក ២០២០ឌូបៃ សហភាពអារ៉ាប់រួមដោយជោគជ័យ ។ អមជាមួយព្រឹត្តិការណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ផលិតផលខ្មែរចំនួន៣ ក្នុងទីតាំងផ្សេងៗគ្នា និងការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រសួងពាណិជ្ជកម្មនៅវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) មណ្ឌលផលិតនិងរចនាកុលាលភាជន៍សៀមរាប និងចុះទស្សនាផ្សារលក់ផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ផលិតករកម្ពុជាខិតខំ ផលិតទំនិញប្រកបដោយសោភ័ណភាព គុណភាព អនាម័យ ការវេចខ្ចប់បានល្អសមរម្យសម្រាប់ទីផ្សារ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង