រដ្ឋបាលរាជធានីភ្នំពេញ គ្រោងជួសជុលសួនច្បារចំនួន៤ទីតាំង ដើម្បីឱ្យមានពណ៌បៃតងគ្រប់រដូវកាល
បច្ចុប្បន្ន រាជធានីភ្នំពេញមានសួនច្បារសាធារណៈជាង១២០ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ ដើម្បីឆ្លើយតបតម្រូវការនៃកំណើនប្រជាពលរដ្ឋដែលរស់នៅស្អាត និង បរិស្ថានល្អ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន០៤ទីតាំង ដើម្បីលើកសោភណភាពក្នុងរាជធានី ភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើម្បី សុខភាពផងដែរ។លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានី លោកបានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ដោយសារសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវា ក៏ជាកន្លែងមួយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ហើយការហាត់ប្រាណនេះហើយ ជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការព្យាបាលជំងឺ។ លោក ស៊ូ សាវ៉ន បានឱ្យដឹងទៀតថា សួនច្បារសាធារណៈក្នុងរាជធានីភ្នំពេញ មាន សរុបចំនួន១២១ទីតាំង ស្មើនឹង ១ ០០៤ ២៣៣ម៉ែត្រការ៉េ ហើយសម្រាប់ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងជួសជុលសួនច្បារចំនួន ០៤ទីតាំង ក្នុងនោះរួមមាន៖ សួនច្បារវិមានឯករាជ្យ, សួនច្បារមុខវត្តបទុមវតី, សួនច្បារឆ្នេរទន្លេ និងសួនវិមានឈ្នះឈ្នះ។ លោកបានបន្តថា អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនៅតែបន្តថែទាំសួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌ បៃតងទាំងខែប្រាំង និងខែវស្សា។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះ ដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មីជំនួស នៅតែបន្តធ្វើរហូត៕សម្រួលដោយទៀងបុណ្ណរី