ឯកឧត្តម លន់ សុភាព៖ ខេត្តរតនគិរីជាខេត្តដែលមានសក្តានុពលទេសចរណ៍ជាតិ និងអន្តរជាតិ ហើយវិស័យទេសចរណ៍ត្រូវបានរាប់បញ្ចូលជាចលករដ៏សំខាន់មួយក្នុងការបង្កើនប្រាក់ចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តទាំងមូល

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី“ការពង្រឹងជីវភាព និងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរៈជ័យ ប្រទេសកម្ពុជា”ដែលបានប្រារព្ធធ្វើឡើង នៅមន្ទីរបរិស្ថានខេត្តរតនគិរីនាព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ នេះឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី បានលើកឡើងថាខេត្តរតនគិរីជាខេត្តដែលមាន សក្តានុពលទេសចរណ៍ជាតិ និងអន្តរជាតិ ហើយវិស័យទេសចរណ៍ត្រូវបានរាប់បញ្ចូលជាចលករដ៏សំខាន់មួយក្នុងការបង្កើនប្រាក់ចំណូល និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តទាំងមូល។ ឯកឧត្តម បន្តថា ប្រភេទទេសចរណ៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតគឺអេកូទេសចរណ៍ ដូចនេះហើយដើម្បីអាចធានាបាននូវនិរន្តរភាពអេកូទេសចរណ៍ ការអភិរក្សធនធានធម្មជាតិក្នុងតំបន់ឱ្យមានស្ថេរភាពគឺជារឿងដែលមិនអាចខ្វះបាន។ឯកឧត្តមបានចាត់ទុកគម្រោង “ការពង្រឹងជីវភាព និងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរៈជ័យ ប្រទេសកម្ពុជា” នឹងក្លាយជាគម្រោងដ៏សំខាន់មួយដែលជួយគាំទ្រដល់ផែនការអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តរតនគិរី ហើយគម្រោងនេះនឹងចូលរួមចំណែកជួយឱ្យសេដ្ឋកិច្ចរីកចម្រើនផងដែរ តាមរយៈការជួយគាំទ្រទៅលើជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានពិសេសជនជាតិដើមភាគតិចនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ។ទន្ទឹមនេះដើម្បីឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពសហគមន៍ក្នុងតំបន់ប្រកបដោយចីរភាព ឯកឧត្តមបានស្នើរឱ្យមានការចូលរួមអនុវត្តការងារថែរក្សា អភិរក្ស គ្រប់គ្រង និងការពារ ធនធានធម្មជាតិឱ្យបានសស្រាក់សស្រាំពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖អង្គការសង្គមស៊ីវិល វិស័យរដ្ឋ វិស័យឯកជន ព្រមទាំងប្រជាជនគ្រប់លំដាប់ថ្នាក់់ទាំងអស់ក្នុងការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យការអនុវត្តគម្រោង “ការពង្រឹងជីវភាព និងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរៈជ័យ ប្រទេសកម្ពុជា” ទទួលបានជោគជ័យដូចការរំពឹងទុក៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង