ក្រសួងអប់រំ ជំរុញដល់យុវជនដែលស្រឡាញ់វិស័យកីឡា ត្រូវខិតខំហ្វឹកហាត់ ដើម្បីក្លាយ ជាកីឡាករជម្រើសជាតិ

ក្រសួងអប់រំ បានជំរុញដល់យុវជនដែលស្រឡាញ់វិស័យកីឡា ត្រូវខិតខំហ្វឹកហាត់ ដើម្បីក្លាយ ជាកីឡាករជម្រើសជាតិ ខណៈពានរង្វាន់បាល់ទាត់ ពិភពលោកបានមកដល់កម្ពុជា។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំនិងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជននិងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំយុវជននិងកីឡា បានផ្សព្វផ្សាយទូទៅ ដល់គ្រឹះស្ថានសិក្សា ដែលមានប្រភេទកីឡា អាចប្រកួតថ្នាក់ជាតិបាន យុវជនអាចមានសិទ្ធចូលរួម ការប្រកួត ខណៈមកដល់ពេលនេះគ្រឹះស្ថានចំនួន៣៣ហើយដែលបានដាក់ពាក្យប្រកួត។ លោក បន្តថា ក្រសួងមិនកំណត់គ្រឹះស្ថានណាមួយឡើយ រដ្ឋនិងឯកជនមានសិទ្ធចុះឈ្មោះបានទាំងអស់ ។ លោកបានបន្តទៀតថា សិស្ស និសិត្ស យុវជនដែលមានសមត្ថភាពជំនាញដែលខ្លួនស្រឡាញ់ត្រូវប្ដេជ្ញាខិតខំហ្វឹកហាត់ដើម្បីបានចូលរួមប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិផងដែរ។  លោកបានបញ្ជាក់ថា ក្រសួងអប់រំបានជំរុញការលើកទឹកចិត្តខាងផ្នែកកីឡាបាល់ទាត់ ដែលជាកីឡាត្រូវបានចាត់ទុកជាការរួមចំណែកអភិវឌ្ឍន៍យុវជននិងសង្គម ដែលស្រឡាញ់ចូលចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានេះ ។ «យុវជន គួរតែជ្រើសរើសប្រភេទកីឡាណាមួយដែលខ្លួនពេញចិត្ត ជាទេពកោលស្យរបស់ខ្លួន យើងលេងប្រភេទកីឡានោះ បើយើង នៅក្នុងសាលារៀន យើងលេងក្នុងសាលារៀន ពេលចប់ម៉ោងសិក្សាយើងហាត់កីឡាណាមួយដែលជាជំនាញរបស់ខ្លួន សម្រាប់ការប្រកួតនានា ។ ក្រសួងនិងសហព័ន្ធ បានរៀបចំប្រភេទកីឡាច្រើនណាស់ ប្រសិនបើយើងមានទេពកោសល្យ គឺសហព័ន្ធអាចជ្រើសរើសយើងជាកីឡាករជម្រើសជាតិ ដោយមានការប្រមូលផ្តុំ ហ្វឹកហាត់ត្រឹមត្រូវហើយ យើងមានឱកាសចូលរួមការប្រកួតអន្តរជាតិផ្សេងៗ ទាំងក្នុងស្រុក ក៏ដូចជាអន្តរជាតិដែលជាឱកាសសម្រាប់យុវជនរបស់ យើង »។ សូមបញ្ជាក់ថា ពានរង្វាន់ FIFA World Cup Trophy Tour បានមកដល់កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តាមយន្ដ ហោះពិសេស “Private Jet” ដោយ មានការដង្ហែពានដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ដើម្បីជាការលើកទឹកចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងជាការអបអរសាទរ និងជំរុញឲ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និងទទួលបានការគាំទ្រជាសកល ថែមទៀត ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង