ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខ្មែរ-វៀតណាម-អាម៉េរិកាំង នៃសមាគមប្រឹក្សាសុខភាពប្រជាជន សកលវិទ្យាល័យ Mercer University ចុះបំពាក់ដៃ និងជើងសិប្បនិម្មិត ដោយឥតគិតថ្លៃ ជូនជនពិការនៅខេត្តព្រះវិហារ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខ្មែរ-វៀតណាម-អាម៉េរិកាំង នៃសមាគមប្រឹក្សាសុខភាពប្រជាជនសកលវិទ្យាល័យ Mercer University ដឹកនាំដោយវេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ, វេជ្ជបណ្ឌិត Craig Mc Mahon និងវេជ្ជបណ្ឌិត Ha Van Vo បាន និងកំពុងចុះបេសកកម្មធ្វើដៃ និងជើងសិប្បនិម្មិតជូនជនពិការនៅខេត្តព្រះវិហារ និងខេត្តជាប់ជាមួយខេត្តព្រះវិហារដោយឥតគិតថ្លៃ នៅការិយាល័យតំណាងរាស្ត្រខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលពីឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ។ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរប្រាសាទព្រះវិហារ តំណាងឯកឧត្តម សួស យ៉ារ៉ា បានឱ្យដឹងថា វត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ក្រុមគ្រូពេទ្យស្ម័ក្រចិត្តទាំងអស់នឹងផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។ ជំនាញជើង និងដៃ សិប្បនិម្មិតដែលមានគុណភាពខ្ពស់ ដែលបានសិក្សាដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានដាក់ជូនបងប្អូនជនពិការ អាចប្រើប្រាស់ដើម្បីប្រកបរបរទទួលទានប្រចាំថ្ងៃបានងាយស្រួល និងអាចលើកកម្ពស់ការធ្វើដំណើរបានល្អប្រសើរ។ លោកបានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-វៀតណាម-អាម៉េរិកាំង នៃសមាគមប្រឹក្សាសុខភាពប្រជាជន សកលវិទ្យាល័យ Mercer University ចុះបំពាក់ដៃ និងជើងសិប្បនិម្មិតដោយឥតគិតថ្លៃជូនជនពិការនៅលើទឹកដីខេត្តព្រះវិហារនាពេលនេះ នឹងធ្វើការបំពាក់ដៃ និងជើងសប្បនិម្មិត ជួយប្រជាជនពិការដៃ-ជើង បានចំនួន៦៥០នាក់ ដែលចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋសភាមណ្ឌលព្រះវិហារ ចាប់ពីម៉ោង៧ និង០០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទី និងពេលរសៀលចាប់ពីម៉ោង២និង០០នាទី ដល់ម៉ោង៥និង០០នាទី៕សម្រួលដោយ ទៀង បុណ្ណរី