សម្តេចតេជោ ហ៊ុន សែន៖ រាល់ពេលមានបញ្ហាកើតឡើងមន្ត្រីមិនបានការ ធ្វើការងារតែ២ ទេ គឺរាយការណ៍ទៅថ្នាក់លើ និងស្ដីបន្ទោសថ្នាក់ក្រោម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មន្ត្រីមិនបានការ ធ្វើការងារតែ២ទេ គឺរាយការណ៍ទៅថ្នាក់លើ និងស្ដីបន្ទោសថ្នាក់ក្រោម។ ដូច្នេះមន្ត្រីត្រូវក្រើនរម្លឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ។ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២២ ដល់និស្សិតសាលាភូមិន្ទរដ្ឋបាលជាង ២ ០០០ នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយកត់សម្គាល់ឃើញថា រាល់ពេលដែលមានបញ្ហាណាមួយកើតឡើង តែងតែលេចចេញមុខមាត់មន្ត្រី២បែប នោះគឺមន្ត្រីល្អ និងមន្ត្រីមិនបានការ។ សម្ដេចតេជោបានថ្លែងថា មន្ត្រីល្អភាគច្រើនជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋតាមមូលដ្ឋាននៅនឹងកន្លែងជាមុនសិន ទើបរាយការណ៍មកថ្នាក់លើ សុំយោបល់ និងអន្តរាគមន៍។ ប៉ុន្តែសម្រាប់មន្ត្រីមិនបានការវិញ គឺចេះតែរាយការណ៍ទៅថ្នាក់លើឱ្យជួយដោះស្រាយបញ្ហា និងស្តីបន្ទោសថ្នាក់ក្រោមខ្លួនប៉ុណ្ណោះ។ បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្ដី មន្ត្រីត្រូវចាត់ទុកថាការបម្រើប្រជាពលរដ្ឋជាគោលដៅត្រូវធ្វើ ដោយសម្តេចសង្កត់ធ្ងន់ថា«ធ្វើជាមន្ត្រី បើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋ ជាគោលដៅ មិនបាច់មកធ្វើជាមន្ត្រីទេ»។    សម្តេចតេជោគូសបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបាន ត្រូវឈរលើដំណាក់កាលចំនួនបី រួមមាន ការរៀបចំគោលនយោបាយផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យដែលលេចឡើងពេលអនុវត្តន៍។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរប្រភេទ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះធ្វើជាមន្ត្រីល្អ ត្រូវគិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តក្រើនរម្លឹកដល់មន្ត្រីទាំងអស់ត្រូវចៀសវាងឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងដែរថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ។ក្នុងនោះអ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង