អាជ្ញាធរខេត្តក្រើនរំលឹកដល់មន្រ្តីរាជការនិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បញ្ហាអគ្គីភ័យក្នុងពិធីទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យនៅក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ថ្លែងនៅក្នុងពិធីទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ ឯកឧត្តម ជា ថាវរិទ្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២១ នៅឯបរវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ។

នាឱកាសនោះដែរ ឯកឧត្តម ជា ថាវរិទ្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍ថាប្រជាពលរដ្ឋយើងត្រូវមានការយល់ដឹង និងបានជ្រៀបរួចមកហើយអំពីបញ្ហាអគ្គីភ័យ ដែលអាចធ្វើឲ្យមានការខូចខាតបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាបាន ប្រសិនបើមានការធ្វេសប្រហែសតែបន្តិច និងគ្មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ សុំឲ្យប្រជាពលរដ្ឋយើង ធ្វើការចងចាំនូវសុភាសិតខ្មែរមួយដែលបានចែងថា(ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ) ដែលជាហេតុធ្វើឲ្យមានការវិនាសមហន្តរាយធ្ងន់ធ្ងរ សម្រាប់គ្រួសារ និងសង្គមជាតិ ។ ឯកឧត្តមអភិបាលរងខេត្តក៏មានប្រសាសាន៍បន្តថា ការប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យនេះ ពិតជាមានសារ:សំខាន់ ណាស់ វាបានឆ្លុះបញ្ចាំងពីជ្រុងមួយរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ដើម្បីខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមការពារអាយុជីវិត ទ្រព្យសម្បត្តិ រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ។
ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាយើងបច្ចុប្បន្ន ក្រោមការដឹកនាំដោយគតិបណ្ឌិតប៉ិនប្រសព្វរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ទន្ទឹមនិងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំចំពោះកិច្ចការសង្គមជាតិទាំងមូល រួមទាំងការបង្ការ និងពន្លត់អគ្គីភ័យ ព្រមទាំងការដាក់ចេញនូវវិធានការនានា ដើម្បីធ្វើការក្រើនរំលឹកដាស់តឿនសតិអារម្មណ៍អប់រំការយល់ដឹងអំពីវិធានការ ដែលបណ្តាលមកពីគ្រោះមហន្តរាយអគ្គីភ័យផ្សេងៗ ។ ដោយឡែកក្នុងស្ថានភាពជាក់ស្តែងករណីអគ្គីភ័យ នៅតែកើតមានឡើងជាបន្តបន្ទាប់ ចាំបាច់ឲ្យជំនាញ និងអង្គភាពដែលពាក់ព័ន្ធត្រូវបង្កើតការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ និងលិខិតបទដ្ឋានគតិយុទ្ធនានា ព្រមទាំងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីវិធានការបច្ចេកទេសបង្ការ និងពន្លត់អគ្គីភ័យនៅគ្រប់ទីកន្លែង ដូចជានៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមទីផ្សារ និងអាជីវកម្មនានាដោយត្រូវបំពាក់ឲ្យមានប្រព័ន្ធសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ។ ក្នុងទិវានោះ ដែរឯកឧត្តមក៏បានថ្លែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ក្នុងក្រុង.ស្រុក.ឃុំ និងមន្ត្រីនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង/ស្រុក ដែលបានខិតខំយកចិត្តទុកដាក់ក្នុងកិច្ចការជួយសង្រ្គោះ ដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយបញ្ហាអគ្គីភ័យ ដើម្បីបន្តនិងពង្រឹងលើកកម្ពស់ការងារបង្ការ និងពន្លត់អគ្គីភ័យឲ្យបានល្អប្រសើរជាងនេះបន្តទៀត ។ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្រុង.ស្រុក.ឃុំ.សង្កាត់ ប្រជាពលរដ្ឋ សាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន និងតាមទីផ្សារលក់ដូរ ក៏ដូចជាកន្លែងផ្សេងៗទៀតត្រូវរួមគ្នាអនុវត្តឲ្យបានពីវិធីនៅការបង្ការ និងពន្លត់អគ្គីភ័យឲ្យមានប្រសិទ្ធភាព ។

លោកឧត្តមសេនីយ៍ត្រី ចាន់ សុផា ស្នងការរង និងជាប្រធានអង្គភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍បញ្ជាក់ថាការរៀបចំធ្វើទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ គឺជាព្រឹត្តិការណ៍មួយដ៏មានសារ:សំខាន់ក្រៃលែង ដែលបានពជ្រៀតជូនដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង អំពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គីភ័យ ក្នុងការងារបង្ការនូវមហន្តរាយដែលបង្ករឡើងដោយអគ្គីភ័យ ការការពារ និងសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណ:រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់បន្តថា ពិធីប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យលើកទី៦នាពេលនេះអាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ការងារបង្ការ និងពន្លត់អគ្គីភ័យ ពិសេសដោយមានការចូលរួមផ្តល់កិត្តិយស ពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ញ៉ាំងឲ្យពិធីនេះកាន់តែមានលក្ខណ:វិសេសវិសាលប្រកបដោយអត្ថន័យក្រៃលែង ។ លោកឧត្តមសេនីយ៍ត្រ បានបន្តថា សន្តិភាពស្ថេរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺបុព្វបទ នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទ

ុកដាក់ និងកំណត់ជាផ្នែកមួយនៃបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏ទៃៗទៀត ។
សូមបញ្ជាក់ដែលថា រថយន្តសម្រាប់បង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានចំនួន៦គ្រឿង ក្នុងនោះសម្រាប់ប្រចាំការនៅក្នុងស្នងការដ្ឋានខេត្តមានចំនួន២គ្រឿង និងនៅតាមបណ្តាស្រុកទាំង៤ មានចំនួន៤គ្រឿង នៅក្នុងស្រុកនីមួយៗមាន១គ្រឿង ៕
  

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង