ប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជំរុញការពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់ៗនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីពិភាក្សាលើការងារពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ដែលដាក់ចេញដោយអាស៊ាន។ ក្នុងឱកាសនៃដំណើរបំពេញបេសកកម្មការងារនេះ ឯកឧត្តម គង់ ភោគ បានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ាសំខាន់ៗរួមមាន ឯកឧត្តម វ៉ុនណា ម៉ោងល្វីន រដ្ឋមន្រ្តីការបរទេស ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងសមាជិកក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌រួមមានឯកឧត្តម ខ្ញរ ម្យូទុត អនុរដ្ឋមន្រ្តីការបរទេស ឯកឧត្តមបណ្ឌិត អៃ ទុន អនុរដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តម អោង ទុនខាញ អនុរដ្ឋមន្ត្រីសង្គមកិច្ច។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ានេះ បានផ្តោតសំខាន់លើការងារពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលដាក់ចេញដោយអាស៊ាន និងតាមដាននូវវឌ្ឍនភាពនៃក្របខណ្ឌដែលបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង