ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំលើកទី២ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ

រដ្ឋធានីហ្សាការតា, ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃទី០៦-១០ ខែមិថុនា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) ក្នុងឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ (The Second Meeting of the ASEAN Senior Economic Officials for the Fifty-Third Meeting of the ASEAN Economic Ministers (SEOM 2/53) and Related Meetings) នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំបានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅជូនដល់សមាជិកសមាជិកនៃអង្គប្រជុំ និងបានអញ្ជើញ ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដើម្បីថ្លែងសុន្ទកថាបើកកិច្ចប្រជុំ។ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណជូនចំពោះសមាជិកអង្គប្រជុំទាំងអស់ ដែលតែងតែ ផ្តល់នូវការគាំទ្រ និងចូលរួមផ្លាស់ប្តូរមតិយោបល់លើបញ្ហាលើរបៀបវារៈនីមួយៗ យ៉ាងផលផុស ដើម្បីចូលរួមដោះស្រាយរួមគ្នានូវបញ្ហានានានៅក្នុងតំបន់ ជាពិសេសខណៈពេលដែលអាស៊ានកំពុងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
អង្គប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) ការតាមដានសកម្មភាពពីសេចក្តីសម្រេចដែលបានធ្វើឡើងកាលពីកិច្ចប្រជុំលើកទី១ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM 1/53), (២) លទ្ធផល នៃ កិច្ច ប្រជុំ កម្រិត ជាន់ខ្ពស់ , (៣) វឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) របស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ (៤) កិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន, (៥) ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ កិច្ចប្រជុំលើកទី២១នៃក្រុមប្រឹក្សាសសរស្តម្ភសេដ្ឋកិច្ចអាស៊ាន និងការត្រៀមរៀបចំឯកសារសំខាន់ៗដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១, (៦) វឌ្ឍនភាពនៃការចរចាដំឡើងកម្រិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA Upgrade), (៧) អនុស្សរណៈយោគយល់ស្តីពីការអនុវត្តវិធានការមិនមែនពន្ធគយលើមុខទំនិញចាំបាច់ និងការពង្រីកបញ្ជីទំនិញចាំបាច់, (៨) គំនិតផ្តួចផ្តើមលើគម្រោងមូលដ្ឋានអាស៊ាន, (៩) កម្មវិធីការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រចាំឆ្នាំ២០២២, (១០) កិច្ចពិភាក្សាផ្ទៃក្នុងត្រៀមសម្រាប់ការជួបប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនាសំខាន់ៗ និងបញ្ហាផ្សេងៗទៀត។
ជាមួយគ្នានោះ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបានជួបពិភាក្សាពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនាចំនួន ៩ រួមមាន៖
១. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១៥
២. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កូរ៉េលើកទី៣៦
៣. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អាមេរិកលើកទី៣៥
៤. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌាលើកទី៣៥
៥. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេសលើកទី២
៦. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់លើកទី៤០
៩. កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ជប៉ុនលើកទី២៧៕
អត្ថបទដែលជាប់ទាក់ទង