ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី
ខេត្តព្រៃវែង៖ លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានបានជម្រាបជូនឯកឧត្តរដ្ឋមន្រ្តីថាកសិដ្ឋានចិញ្ចឹមត្រី ទីឡាព្យា Cambodia Fresh Farm បានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីសរុប ៤,៥ហត មាន ២១ស្រះ។ បច្ចុប្បន្នមានបុគ្គលិកបម្រើការងារពេញម៉ោងនៅក្នុងកសិដ្ឋានចំនួន ០៤នាក់ ក្នុងនោះមានបុក្គលិកជំនាញម្នាក់ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រៅពីនោះពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីទីឡាព្យាសាច់ បង្កាត់កូនត្រីពូជ ពិនិត្យគុណភាពទឹក និងរៀបចំស្រះពីមជ្ឈមមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង)។ មិនតែប៉ុណ្ណោះ Cambodia Fresh Farm បានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យដើម្បីលើកកម្ពស់គុណភាពត្រីមានដូចជា ម៉ាស៊ីនលាយទឹកសម្លាប់មេរោគដោយស្វ័យប្រវត្តិ។ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ផងដែរនោះ ធ្វើឲ្យកសិដ្ឋានសម្រេចចិត្តដាក់ ទុនវិនិយោគសាងសង់រោងសិប្បកម្មកែច្នៃផលត្រីសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទំនើប AEON ភោជនីយដ្ឋាន សណ្ឋាគារផ្សេងៗទៀត ហើយអនាគតគ្រោងនឹងសហការជាមួយអង្គការទស្សនពិភពលោក (World Vision) ក្នុងភាពជាដៃគូភ្ជាប់ជាមួយកសិករចិញ្ចឹមផ្គត់ផ្គង់ឲ្យខ្សែច្រវាក់កែច្នៃ។ ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កសិដ្ឋានប្រកាន់យករបរចិញ្ចឹមត្រីទីឡាព្យា ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានត្រូវបន្តរក្សា ខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារ សម្រាប់ការផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃ ហើយត្រូវបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតការងារ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារជប៉ុនាពេលអនាគត។ សម្រួលដោយ ទៀង បុណ្ណរី






