មន្ត្រីជាន់ខ្ពស់ក្រសួងសុខា ភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាលុបបំបាត់ជម្រកសត្វមូសដើម្បីបង្ការជំងឺគ្រុនឈាម

មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកសត្វមូស ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែលកើតមានឡើងនារដូវវស្សានេះ ។ . លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខា ភិបាលបានឱ្យដឹងថា ក្នុង អំឡុងពេលនេះ គឺជាពេលដែលសម្បូរទៅដោយប្រភពមូសខ្លា ដែលបង្កឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ទៅកាន់ក្មេងៗនិងមនុស្សចាស់។ លោកជំទាវបានបន្តថា ក្រសួងសុខាភិបាល តែងតែអំពាវនាវ ឬណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះសុខភាពគ្រប់ៗគ្នា ជាពិសេសគឺកុមារតូចៗដែលងាយនឹងឆ្លងនូវជំងឺនេះ។ លោកជំទាវក៏បានបន្តទៀតថា ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺគ្រុន ឈាមនិងគ្រុនឈីកនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន មន្ត្រីជំនាញនៃក្រសួង សុខាភិបាលបានរំលឹកទៅ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមលុប បំបាត់នូវវត្ថុដក់ទឹកមានដូចជា សម្បកកង់ឡាន ម៉ូតូ និងវត្ថុដក់ទឹកផ្សេងៗមួយចំនួនទៀត ដែលជាជម្រករបស់សត្វមូសខ្លា ។  ថ្នាំសម្លាប់សត្វមូស គឺសម្លាប់បានតែមួយភ្លែតទេ បើសិនយើងទាំងអស់គ្នានៅតែចោលសម្បកកំប៉ុង យើងនៅតែដាក់សំបកកង់ឡានពាសវាលពាសកាល ហើយនឹងវត្ថុដែលដក់ទឹក អ៊ីចឹងបើសិនជានៅពាសវាល ពាសកាល ភ្លៀងមកវាដក់ទឹក ចឹងកាលណាដក់ទឹកទៅវាចេញដង្កូវទឹក ព្រោះវាជាទីតាំងដែលល្អសម្រាប់ជម្រកមូសខ្លា អ៊ីចឹងមូសខ្លាវាសម្ងំនៅទីនោះ វាបន្តកើតកូនកើតចៅ ដូច្នេះវាត្រូវចេញមកហើយទាំងមូសអង្កាមទាំងមូសខ្លា និងមូសផ្សេងៗទៀត ដែលយើងមិនដឹង ព្រោះថាមានជំងឺមួយចំនួនទៀត ដែលអាចឆ្លងដោយសារមូសដែលគេរកមិនទាន់ឃើញដែរ អ៊ីចឹងកន្លែងនេះ ជាការសំខាន់ណាស់ការចូលរួមរបស់បងប្អូន។ សូមបញ្ជាក់ផងដែរថា ជំងឺ គ្រុនឈាមបណ្តាលមកពីវីរុសគ្រុនឈាមដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ជំងឺនេះមានបួនប្រភេទអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ តែកុមារកើតញឹក ញាប់ជាងគេ ហើយគ្រុន ឈាមភាគច្រើនជាប្រភេទស្រាល តែបែរជាប្រភេទធ្ងន់ក៏អាចប៉ះពាល់ដល់អាយុជីវិត ជាពិសេសគឺការដែលទទួល ការព្យាបាលមិនត្រឹមត្រូវ ឬក៏ការប្រើថ្នាំអាស្ពៀរីនដើម្បីព្យាបាល ឬក៏មានការយឺត យ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នោះក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ។ ដោយឡែកចំពោះបញ្ហាជំងឺគ្រុនឈីក គឺបង្កដោយវីរុសឈីក ដែលបណ្ដាលមក ពីមូសខ្លាញីខាំដូចគ្នា ជាពិសេសគឺនៅពេលថ្ងៃ ដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេងនិងចាស់ ហើយជំងឺគ្រុនឈីកនេះអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ យ៉ាងណាក៏ ដោយ ដើម្បីការពារជំងឺគ្រុន ឈាមនិងគ្រុនឈីក ក្រសួង សុខាភិបាល តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋ នាំគ្នាកម្ចាត់ចោលនូវជម្រកមូសខ្លា នឹងត្រូវរក្សានូវអនាម័យជាដើម៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង