កម្ពុជាបានបង្កើនឱកាសវិនិយោគកាន់តែច្រើន បន្ទាប់ពីការគ្រប់គ្រងវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលបានល្អ

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជានឹងទទួលបានលំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើនថែមទៀត ស្របពេលកម្ពុជា បានចាកចេញពីជម្ងឺកូវីដ ១៩ ខណៈដែលប្រទេសផ្សេងៗនៅលើពិភពលោក នៅកំពុងជួបបញ្ហានៃការរីករាលនៃវិបត្តិនេះ។ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់​អ្នកយកព័ត៌មាន TNM  ស្តីពីស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជាថា ជុំវិញវិបត្តិនៃជម្ងឺកូវីដ ១៩ នេះ បច្ចុប្បន្នបណ្តាប្រទេសផ្សេងៗ កំពុងជួបបញ្ហានៃការរីក​រាលដាល​នៃជំងឺនេះ។ ចំណែកកម្ពុជា គឺជាប្រទេសមួយកំពុងទទួលបានជោគជ័យ និងបាន​ចាកចេញជាបណ្តើរៗ​ពី​វិបត្តិនេះ ដែលកត្តាទាំងអស់បានកើតឡើង ​ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការចាក់វ៉ាក់សាំងស្រោចលើប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជានឹងទទួលបានលំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើន ខណៈដែលប្រទេសផ្សេងៗ នៅកំពុងជួបនឹងវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យអ្នកវិនិយោគ​មិនហ៊ានទៅបោះទុនវិនិយោគ, ដែលកត្តាទាំងអស់នេះ ​គឺជាឱកាសរបស់កម្ពុជា ក្នុងការស្រូប​យកសក្តានុពលវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។ សូមបញ្ជាក់ថា ក្នុងរយៈពេល១២ ខែ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោង​វិនិយោគសរុបចំនួន ១៦១ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណជិត ៤ ពាន់លានដុល្លារ ក្នុងនោះនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២៥គម្រោង ​សរុបទុនវិនិយោគចំនួន ១៩៧០ លានដុល្លារ​ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៦គម្រោង សរុបទុនវិនិយោគជាង ១៩៨០ លានដុល្លារអាមេរិក ​និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន ១០ ម៉ឺនកន្លែង៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង