ក្រុមការងារអន្ដរាគមន៍បង្រ្កាបបានភ្លាមៗ ករណីនាំចូលសត្វជ្រូករស់ខុសច្បាប់ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ សកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តត្បូងឃ្មុំ ត្រូវក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វរស់ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្រ្កាបជនល្មើសបានចំនួន៤នាក់ និងវត្ថុតាងជ្រូករស់ចំនួន ៣២ក្បាល។ លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ ថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការស្ទាក់ចាប់បានរថយន្ដ ០១ គ្រឿង បានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាល នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាត ។ លោក បន្តឲ្យដឹងថា ទាក់ទងសកម្មភាពចុះបង្រ្កាបបទល្មើសនានោះ បានប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀត ប៉ុន្ដែនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះឡើយ គឺបានធ្វើការឃាត់ខ្លួនជនល្មើសចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ចំនួន ៣២ ក្បាល។ បច្ចុប្បន្នជនល្មើសទាំង ៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះ បានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័កនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា៖ នាពេលកន្លងមកនេះ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានដាក់សំណើរសុំអន្តរាគមន៍ដល់អាជ្ញាធរជួយទប់ស្កាត់ ការលួចនាំចូលនៅសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក នៅតាមព្រំដែនកម្ពុជាវៀតណាម លើខេត្តចំនួន ៤ គឺខេត្តស្វាយរៀង, ព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ បន្ទាប់ពីរសមាគមបានចុះសិក្សានៅតាមព្រំដែន ឃើញថា មានការនាំចូលជាហូរហែរ ដោយខាងសមាគមមានក្តីបារម្ភថា ចំពោះការនាំចូលប្រភេទទាំងបីខាងលើ ដោយខុសច្បាប់នេះ នឹងបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមសត្វក្នុងស្រុកជាដើម៕សម្រួលដោយ ទៀង បុណ្ណរី