ក្រុមសាងសង់ទំនប់ស្ទាក់ទឹកនៅភូមិការតូតពន្លឿនការសាងសង់ឱ្យបានឆាប់
គម្រោងសាងសង់ទំនប់ស្ទាក់ទឹកសម្រេចបានជាង៥០%ហើយ ខណ:អាជ្ញាធរ ស្រុកសេសានជំរុញឱ្យក្រុមស្ថាបនាពន្លឿនការងារសាងសង់ បន្ថែមទៀតដើម្បីឆាប់រួចរាល់និងបានយកទឹកមកប្រើប្រាស់បានងាយស្រួល។ ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ទំនប់ស្ទាក់ទឹកអូរតាង៉យ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖គម្រោងនេះអាជ្ញាធរស្រុកបានចំណាយថវិកា របស់រាជរដ្ឋាភិបាលនិងអង្គការដៃគូប្រ មាណជិត៥ម៉ឺនដុល្លារ ដើម្បីស្ថាបនាទំនប់ស្ទាក់ទឹកមួយនេះ ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅភូមិការតូត ងាយ ស្រួលយកទឹកទៅប្រើប្រាស់បានគ្រប់យ៉ាង ដើម្បីកុំឱ្យមានភាពខ្វះខាតដូចឆ្នាំកន្លងមកទៀត។ លោកអភិបាលស្រុក បានសំណូមពរឱ្យក្រុមហ៊ុនសំណង់ពន្លឿនការសាងសង់ ចំណែកបងប្អូននៅភូមិនេះ ក៏ត្រូវនាំគ្នាសម្អាតទីតាំង ឱ្យបានស្អាត និងមើលថែដើម្បីស្តុកទឹកទុក សម្រាប់ បម្រើដល់ផ្នែកកសិកម្មផង ។` បងប្អូនប្រជាពលរដ្ឋនិងមានទឹកស្តុកទុកនៅតំបន់នេះ ដែលគាត់អាចយកទៅប្រើប្រាស់ធ្វើស្រែ ដាំបន្លែបង្ការដាំដំណាំ ហូបផ្លែគ្រប់រដូវកាល អ៊ីចឹងគាត់អាចប្រើប្រាស់ទឹកបានហើយកន្លងមកអត់មានទឹកទេ តែឥឡូវគឺបម្រើពហុប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ ទីពីរគឺបម្រើដល់វិស័យទេសចរណ៍។ លោកវ៉ាន់វែង ប្រធានសហគមន៍ជនជាតិដើមភាគតិចព្រៅភូមិការតូត បានបញ្ជាក់ថា៖ បងប្អូនសាទរនិងចូលរួមសម្អាតបរិស្ថាននៅទីនេះ ព្រោះយើងមានទំនប់ទឹកនេះងាយស្រួលដង និងបូមយកទៅប្រើតាមគ្រួសារ នីមួយៗ និងបម្រើដល់ការស្រោចស្រពដំណាំកសិករទៀតផង។ លោកបន្តថា ចំណុចនេះបងប្អូនជនជាតិបានចាត់ទុកជាកិច្ចការងារសំខាន់ ព្រោះទឹកអូរតាង៉យនេះ វាជាប្រភពទឹកស្អាតធម្មជាតិហូរចេញពីចង្កេះភ្នំការតូតចុះមក បានបង្កលក្ខណ:ងាយស្រួលនៅពេលសាងសង់រួច។ លោកប៊ុតថងខាំមេឃុំកំភុនបាន បញ្ជាក់ថា គោលបំណងដ៏ល្អនេះ បងប្អូនប្រជាពលរដ្ឋបាន សំដែងការសាទរជាមួយអាជ្ញាធរស្រុក និងអង្គការដៃគូបានជួយរិះរកមធ្យោបាយ សាងសង់ទំនប់ស្ទាក់ទឹកនេះ បានតាមតម្រូវការ និងផ្តល់នូវផល ប្រយោជន៍រួមទាំងអស់គ្នា ដោះស្រាយភាពលំបាកបាននៅរដូវប្រាំងខាងមុខនេះមិនខ្វះទឹកប្រើប្រាស់ទៀតទេ។ សូមបញ្ចាក់ថា៖ ទំនប់ស្ទាក់ទឹកនេះមានប្រវែងប្រមាណជាង៥០ម៉ែត្រ ទទឹងខ្នងលើប្រមាណ៥ម៉ែត្រកម្ពស់ជិត១០ម៉ែត្រ ហៅថាអាងស្តុកទឹក(អូរតាង៉យ) មានប្រភពទឹកហូរធ្លាក់ពីចង្កេះភ្នំការតូតមក ទាំងខែប្រាំង ក៏ដូចជាខែវស្សាអំណោយផលដល់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្ម៕សម្រួលដោយ ទៀង បុណ្ណរី