លោកស្រី ឱ វណ្ឌឌីន ច្រានចោលទាំងស្រុងនូវការប្រឌិតព័ត៌មាន និងចោទប្រកាន់មកលើលោកស្រី ដោយបញ្ជាក់ថា «មិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់ដោយកូវីដ-១៩ នោះឡើយ»
TNM(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះបានចេញមកច្រានចោលទាំងស្រុង នូវការប្រឌិតព័ត៌មាន និងការសរសេររបស់គណនី Facebook មួយចោទប្រកាន់មកលើលោកស្រី ពាក់ព័ន្ធករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
ជាមួយនឹងការច្រានចោលនេះ លោកស្រីក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកជនអគតិដែលប្រឌិតព័ត៌មាននេះមកផ្តន្ទាទោសតាមច្បាប់។
លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសច្រានចោលទាំងស្រុងនូវការប្រឌិត និងចោទប្រកាន់ ពាក់ព័ន្ធនិងរូបខ្ញុំផ្ទាល់ និងករណីប្រជាជនខ្មែរស្លាប់ ដោយសារជំងឺកូវីដ-១៩ ដែលបានលើកឡើងដោយជនអគតិ នៅក្នុងការផ្សាយអត្ថបទដែលមានគណនីឈ្មោះភ្នែកខ្មែរនេះ»។
លោកស្រីបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំសូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១នេះ មិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់ដោយ សារជំងឺកូវីដ-១៩ នោះឡើយ។ ខ្ញុំសូមផ្តន្ទាទោសជនបង្កបំពុលសង្គមយើងនេះ ដោយយករឿងជំងឺកូវីដ-១៩ មកបំភ្លៃការពិតនៅកម្ពុជាទាំងស្រុង»។
លោកស្រីបន្ថែមថា «មេបោកពិតប្រាកដ គឺជនអគតិនេះឯង ដែលមិនដឹងពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ពិតប្រាកដចេះតែឆ្នៃប្រឌិតសាច់ រឿងខុសពីការពិតទាំងស្រុង។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផងចុះ»។
សូមជម្រាបថា ជាញឹកញាប់ជនអគតិបំពុលសង្គម តែងតែប្រឌិតព័ត៌មាន តាមបណ្តាញសង្គម ពាក់ព័ន្ធការស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា ហើយថ្មីៗនេះក៏មានជនអគតិបំពុលសង្គមតាមរយៈការផ្សព្វផ្សាយព័ត៌មានប្រឌិត ពាក់ព័ន្ធការចាក់វ៉ាក់សាំង ការពារកូវីដ១៩ បណ្តាលស្លាប់ផងដែរ ប៉ុន្តែព័ត៌មានប្រឌិតទាំងនោះ ត្រូវបានក្រសួងសុខាភិបាលចេញមកទាត់ចោល និងអំពាវនាវរកចាប់ខ្លួនជនទាំងនោះ មកផ្តន្ទាទោសតាមច្បាប់ផងដែរ៕