ការដំឡើងពន្ធនិងការអប់រំជាវិធានការដ៏មានប្រសិទ្ធភាពបំផុតឈានទៅកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា
ភ្នំពេញ៖មន្រ្ដីជាន់ខ្ពស់ក្រសួង សុខាភិបាលបានលើកឡើងថា ការដំឡើងពន្ធ និងអប់រំជាវិធានការមានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយការ ប្រើប្រាស់ផលិតផលថ្នាំជក់ និងឈានទៅលុបបំបាត់ការជក់បារីទាំងស្រុងនៅកម្ពុជាពេលខាងមុខ។ ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងជាសាធារណៈវគ្គផ្ដាច់ព្រ័ត្រ នាព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-កូរ៉េឯកឧត្ដម ធា គ្រុយរដ្ឋលេខាធិ ការក្រសួងសុខាភិបាលមាន ប្រសាសន៍ថា ប្រសិនបើមាន ការដំឡើងពន្ធលើផលិតផលថ្នាំជក់កាន់តែខ្ពស់ ហើយមាន ការអប់រំពីផលប៉ះពាល់កាន់តែច្រើន កម្ពុជានឹងមានចំណូលថវិកាជាតិកាន់តែច្រើន ហើយអាចឈានទៅលុបបំបាត់ការ ប្រើប្រាស់ផលិតផលថ្នាំជក់ទាំងស្រុងនាពេលខាងមុខ។ ឯកឧត្ដមបញ្ជាក់ថា នៅពេលប្រជាពលរដ្ឋឈប់ប្រើប្រាស់ផលិតផលថ្នាំជក់កាន់តែច្រើននោះ នឹងធ្វើឱ្យអត្រាឈឺ ស្លាប់ដោយផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់នេះ នឹងថយចុះ ជាពិសេសរួម ចំណែក ការពារបរិស្ថានពីការផលិតនិងប្រើប្រាស់ថ្នាំជក់ផងដែរ។ « អាហ្នឹងវាសំខាន់មែនទែនដើម្បីកាត់បន្ថយការជក់បារី …… » គួរម្លឹកថា កម្មវិធីប្រកួតប្រជែងជាសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ស្តីពីវិធានការដំឡើងពន្ធថ្នាំជក់ ដែលរៀបចំឡើងដោយអង្គ ការចលនាដើម្បីសុខភាពកម្ពុជា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្តនាពេលនេះ អ្នក ទទួលបានជ័យលាភីលេខ១ គឺ កញ្ញា ស៊ិម ស្រីលៀប លេខ២យុវជន រ័ត្ន ច័ន្ទនេត្រ និងលេខ៣កញ្ញា ប៉ៃលិនលក្ខណា។ បេក្ខជន ស៊ិម ស្រីលៀប ជាសិស្សនៃវិទ្យល័យនេតយ៉ងនៅខេត្ដបាត់ដំបងដែលបានជាប់លេខ១ ក្នុងការប្រឡងប្រកួតប្រជែងជាសាធារណៈវគ្គផ្ដាច់ព្រ័ត្របានឱ្យដឹងថា វេទិកានេះ នឹងក្លាយជាសារអប់រំប្រជាពលរដ្ឋទាំងអស់ ដើម្បីកុំឱ្យមានការប្រើប្រាស់ផលិតផលថ្នាំជក់ ខណៈដែលថ្នាំជក់បានបំផ្លាញ ថវិកា និងប៉ះពាល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ។ បើយោងតាមការស្រាវជ្រាវរបស់អង្គការចលនាសុខភាពដើម្បីកម្ពុជាបានឱ្យដឹងថាអត្រាពន្ធថ្នាំជក់នៅកម្ពុជាមានអត្រាប្រមាណ ២៥%ទៅ ៣១% នៃតម្លៃលក់រាយប៉ុណ្ណោះ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំងធៀបនឹងអត្រាដែលណែនាំដោយអង្គ ការសុខភាពពិភពលោក និងធនាគាពិភពលោក ហើយក៏ជាអត្រាមួយដែលទាបជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ានទៀតផង។ ប្រទេសអាស៊ានដូចជា ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន និងប្រទេសថៃ សុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់ លើសពី៥០%ធៀបតម្លៃលក់រាយ ៕សម្រួលដោយ ទៀង បុណ្ណរី