មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជាអាចសម្រេចគោលដៅគ្មានមីននៅឆ្នាំ២០២៥ ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ រួមគ្នាគាំទ្រដល់វិស័យនេះ

មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីន លើកឡើងថា កម្ពុជាអាចសម្រេចគោលដៅគ្មានមីននៅឆ្នាំ២០២៥ ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ រួមគ្នានិងពន្លឿនការគាំទ្រដល់វិស័យសកម្មភាពមីន។ ថ្លែងនៅក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន នៅខេត្តសៀមរាបកាលពី រសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីនបានមានប្រសាសន៍ថា គោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ គឺអាចនឹងសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់តំណាងស្ថានទូត វិស័យឯកជន និងភាគីពាក់ព័ន្ធសកម្មភាពមីនទាំងជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងវេទិកានេះ ស្របពេលដែលកម្ពុជានឹងប្រារព្ធខួបលើកទី៣០ នៃការចាប់ផ្តើមការងារបោសសម្អាតមីនជាផ្លូវការ ដោយមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រសកម្មភាពមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលជាមរតកសង្រ្គាម ប្រជាជនកម្ពុជា និងសហគមន៍ នៅតែបន្តរងគ្រោះដោយសារឃាតករលាក់មុខទាំងនេះ ហើយបច្ចុប្បន្ននេះ ប្រជាជនប្រមាណជិត ១លាននាក់ កំពុងរស់នៅ និងធ្វើការនៅលើតំបន់ដែលមានការគំរាមកំហែងដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលយើងទាំងអស់គ្នា ត្រូវបន្តរួបរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា ដោយគ្មាននរណាម្នាក់គួរត្រូវរស់នៅដោយភ័យខ្លាចស្លាប់ ក្រោយការប្រយុទ្ធគ្នាបានបញ្ចប់នោះទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តទៀតថា ការកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន បើយើងរួមគ្នាធ្វើ និងពន្លឿនការគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា លើផ្ទៃដីមានមីនដែលបានដឹងប្រមាណ ៧៣៦ គីឡូម៉ែត្រក្រឡា ទៀត។ ជាមួយគ្នានេះដែរ តំណាងស្ថានទូតដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនព្រមទាំងបានតាំងចិត្តបន្ត និងចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លូន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង