កម្ពុជានឹងពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់ពលរដ្ឋឲ្យបានឆាប់តាមលទ្ធភាពអាចធ្វើបាន
ក្នុងសន្និសីទស្តីពីកូវីដ១៩នាថ្ងៃទី១៩កុម្ភៈនេះកម្ពុជានឹងពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាពលរដ្ឋទៅតាមលទ្ធភាពអាចធ្វើបាន។បើតាមលោកស្រីឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលការពន្លឿនការចាក់វ៉ាក់សាំងនេះអាចធ្វើទៅបានក៏អាស្រ័យលើការស្ម័គ្រចិត្តរបស់ពលរដ្ឋ។ឆ្លើយតបទៅនឹងសំណួរក្រុមអ្នកសារព័ត៌មាននៅព្រឹកនេះលោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់ពលរដ្ឋកម្ពុជាឲ្យបានឆាប់រហ័សបំផុត។ការពន្លឿនការចាក់វ៉ាក់សាំងនេះគឺដោយសារកម្ពុជានឹងត្រៀមទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩Astra Zenecaតាមរយៈមជ្ឈមណ្ឌលCovaxនៅខែមីនាខាងមុខនេះ។នេះប្រសិនបើមិនមានបញ្ហាបច្ចេកទេសណាមួយកើតឡើង។ ចាប់តាំងពីថ្ងៃទី១០រហូតមកដល់ថ្ងៃទី១៨ខែកុម្ភៈនេះក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងដល់មនុស្សចំនួន៣៨០៣នាក់។ ចំនួននេះ បើធៀបទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រសួងការពារជាតិដល់កងកម្លាំងកម្ពុជាគឺមានអត្រាតិចជាងរហូតដល់ទៅ៤ដងដោយគិតដល់ពេលនេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងស៊ីណូហ្វាមដល់កងកម្លាំងបានជិត១៣០០០នាក់រួចមកហើយ។ក៏ប៉ុន្តែលោកស្រីឱ វណ្ណឌីន បានពន្យល់ថា ភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង កើតឡើងដោយសារការវ៉ាក់សាំងនេះធ្វើឡើងតាមគោលការណ៍ស័្មគ្រចិត្តរបស់ពលរដ្ឋ។ ម្យ៉ាងវិញក្រសួងមានផែនការក្នុងការផ្តល់វ៉ាក់សាំងដល់ក្រុមអាទិភាព រួមមាន គ្រូពេទ្យ កងកម្លាំង អ្នកសារព័ត៌មានជាដើម។ដោយធ្វើយ៉ាងណាឲ្យអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១រួចអាចទទួលបានវ៉ាក់សាំងដូសទី២ទៀត ស្របតាមលក្ខខណ្ឌបច្ចេកទេសនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងបន្ទាប់ពីអត្រានៃអ្នកបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិននៅមានចំនួនតិចនៅឡើយ។ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់ចិនចំនួន៦០ម៉ឺនដូសនៅជំហានដំបូង។ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជាបានបែងចែកវ៉ាក់សាំង៣០ម៉ឺនដូសដល់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសដល់ក្រសួងការពារជាតិ។បើតាមគម្រោងរដ្ឋាភិបាលគ្រោងប្រើប្រាស់វ៉ាក់សាំង៣០ម៉ឺនដូសនេះចាក់ជូនប្រជាពលរដ្ឋចំនួន១៤៩៥០០នាក់នៅជំហានដំបូងមុនពេលទទួលបានវ៉ាក់សាំងពីយន្តការ Covaxនិងប្រភពផ្សេងៗទៀត។នេះបើលោកស្រី ឱ វណ្ណឌីន បានលើកឡើង៕