ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់ ឥស្សរជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺគ្រប់រូប តែងតែផ្តល់នូវដំបូន្មាន ផ្តល់ជំនឿទុកចិត្ត សហការរួមគ្នាឥតងាករេក្នុងបេសកកម្ម បម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានរម្លឹកដល់វេលានៃការចាប់ផ្តើមការងារដំបូងរបស់ឯកឧត្តម ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ឥស្សរជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺគ្រប់រូប តែងបានធ្វើការណែនាំ ផ្តល់នូវដំបូន្មាន ផ្តល់ជំនឿទុកចិត្ត និងការគាំទ្រ សហការរួមគ្នាឥតងាករេក្នុងបេសកកម្ម បម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដោយមិនប្រកាន់នូវភាពវ័យក្មេងលើបទពិសោធន៍ក្នុងតួនាទីដឹកនាំ និងការងារមហាជនរបស់ឯកឧត្តម។ ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តស្រលាញ់ និងភាពកក់ក្តៅដ៏មានតម្លៃ និងអត្ថន័យបំផុតសម្រាប់ឯកឧត្តមក្នុងនាមអ្នកជំនាន់ក្រោយ។ ឯកឧត្តម បានបន្តថា អ្វីដែលឯកឧត្តម ទទួលបានពីឥស្សរជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺទាំងនោះ បានក្លាយជាចំណែកយ៉ាងសំខាន់ក្នុងការឱ្យឯកឧត្តមអាចហាត់ពត់ សម្រួច និងពង្រឹងបន្ថែមនូវចរិតលក្ខណៈនៃភាពជាអ្នកដឹកនាំមួយរូប។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសរម្លេចថា អាយុ ឬវ័យណាមួយមិនមែនជាកត្តាកំណត់ភាពជោគជ័យក្នុងការងារឡើយ ប៉ុន្តែការចេះគោរពគ្នា សហការគ្នា ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក និងការចេះសម្របសម្រួលរួមគ្នាសម្រេចជាលទ្ធផល និងសមិទ្ធផលជាក់ស្តែង ទើបជាកត្តាកំណត់នូវភាពជោគជ័យពិតប្រាកដ៕ សម្រួលដោយ ទៀង បុណ្ណរី