កម្ពុជាស្នើទិញទិញវ៉ាក់សាំងកូវីដ១៩ចំនួន៥លានដូសពីឥណ្ឌា
TNM(ភ្នំពេញ) ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៅរដ្ឋមន្រ្តីការបរទេសឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងកូវីដ១៩ចំនួន ៥លានដូសបន្ថែមទៀត បន្ទាប់ពីឥណ្ឌាប្រកាសផ្តល់១០ម៉ឺនដូសឱ្យកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីជំនួបសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជា ទិញវ៉ាក់សាំងពីឥណ្ឌា ដោយសារប្រទេសទាំងពីរមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជា ជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបទេសឥណ្ឌាបានបញ្ជាក់ថា ចំពោះសំណើទិញវ៉ាក់សាំង៥លានដូសរបស់កម្ពុជានេះ គឺលោកនឹងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឱ្យទទួលបានវ៉ាក់សាំង៕