គ្រូកីឡាកង់ភ្នំកម្ពុជា រីករាយក្រោយកូនក្រុមធ្វើបានលទ្ធផលល្អលើសពីការរំពឹងទុក
ភ្នំពេញ ៖ ក្រុមកីឡាករកង់ភ្នំបុរសកម្ពុជា (XCO Men) បានចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួនលើ វិញ្ញាសា Mountain Bike Cross-Country Olympic នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះ ខណៈកម្ពុជា មានកីឡាករ ៣នាក់ចូលរួមប្រកួតហើយបញ្ចប់ទៅដោយ កីឡាករ ឆាន់ ឆៃហ្វុង ឈរនៅលេខរៀងទី៥, កីឡាករ ហួត លយរស្មី លេខរៀងទី៦ និងកីឡាករ សាំង សីហា លេខរៀងទី៩។ យ៉ាងណាមិញក្រោយចប់ការប្រកួត គ្រូជំនួយជម្រើសជាតិ ទោចក្រយាន លោកផេង ប៉ូលីន បានសម្ដែងក្ដីរីករាយក្រោយ កីឡាកររបស់ខ្លួនធ្វើបានលើសពីការរំពឹងទុក។លោក ផេង ប៉ូលីន បានថ្លែងក្រោយចប់ប្រកួតថា សម្រាប់ការប្រកួតនេះយើងមានទឹកចិត្តក្នុងការដឹកនាំដល់ក្រុមកីឡាករ-កីឡាការិនី តាំងពីស្រុកខ្មែរដោយសារការហ្វឹកហាត់របស់គាត់។ មកដល់កន្លែងនេះយើងឃើញសមត្ថភាពរបស់គាត់មានការរីកចម្រើនច្រើន ហើយនៅក្នុងលក្ខខណ្ឌប្រកួតប្រជែងក្នុងលំដាប់ក្រុមដែលដណ្ដើមមេដាយ មិនមែនប្រកួតប្រជែងក្នុងក្រុមដែលជម្រុះចេញនោះទេ ហើយក្នុងចំណោមដែល យើងជាប់ចំណាត់ថ្នាក់ដែលមិនបាន ដល់មេដាយក៏ដោយ តែក្នុងចំណាត់ថ្នាក់មួយក្នុងចំណោមកីឡាករដែលដាច់ចេញពីក្រុមដែលធ្លាក់គឺឆ្ងាយមែនទែន បានន័យថា យើងនៅក្នុង ចំណោមកីឡាករកំពូលខ្លាំងៗមកពីប្រទេសផ្សេងៗ។លោកបានបន្តថា រីករាយជាមួយនឹងសមត្ថភាពរបស់អត្ថពលិក ដែលមានការរីកចម្រើន ដោយអាចមើលឃើញផ្លូវដែលឈ្នះសម្រាប់កីឡាករទៅថ្ងៃអនាគតបន្តទៀត។ លោក ផេង ប៉ូលីន បានបញ្ជាក់ថា ប្រសិនបើនិយាយពីផ្លូវ គឺវាខុសពីអ្វីដែលយើងរំពឹងទុក ដែលសឹងតែគុណនឹង៣, គុណនឹង៤ នៅក្នុងការហ្វឹកហាត់ ហើយយើងខំប្រឹងជំនះទាំងអស់ ហើយដល់យើងនាំមុខគេរហូតដល់ ១នាទីឯណោះ ប៉ុន្តែចុងក្រោយមកដល់ជុំទី២ បាន ២ជុំកន្លះយើងមានបញ្ហាសាច់ដុំ ដោយសារការដែលយើងឡើងក្នុងរយៈពេលយូរអត់ដូចគេ ប៉ុន្តែកម្រិតល្បឿន និងកំហាប់កម្លាំងជើងគឺយើងលើស ស្មើនឹងជើងខ្លាំងទាំងអស់នៅក្នុងអាស៊ាន៕សម្រួលដោយ ទៀង បុណ្ណរី