សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយ៉ាងច្បាស់ថា កម្ពុជាមិនមានការលុបចោល ការធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ សម្រាប់អ្នកដំណើរដែលចូលកម្ពុជា ដោយមិនមានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩នោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសយ៉ាងច្បាស់ថា កម្ពុជាមិនមានការលុបចោល ការធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ សម្រាប់អ្នកដំណើរដែលចូលកម្ពុជា ដោយមិនមានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩នោះទេ បើទោះបីប្រទេសជាប់របងកម្ពុជា លុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័កក៏ដោយចុះ។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកអត់ចាក់វ៉ាក់សាំង ប្រៀបបានការដើរបញ្ច្រាសទិសគ្នា ជាមួយការជំរុញការចាក់រ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ហើយថា បើមានការលើកលែងធ្វើចត្តាឡីស័ក គឺជាការលើកទឹកចិត្ត ឲ្យអ្នកចាក់វ៉ាក់សាំងសម្រុកចូលនៅកម្ពុជា ខណៈដែលមិនថាពួកគេនាំជំងឺចូលមកកម្ពុជា ឬអត់។ ជាមួយគ្នានេះ សម្តេចតេជោបានផ្តាំ ទៅដល់មន្ត្រីរបស់ខ្លួន ដែលទទួលខុសត្រូវលើការរៀបចំគោលនយោបាយប្រយុទ្ធនឹងជំងឺកូវីដ១៩ថា «កុំយកលុយជាធំ ត្រូវយកជីវិតជាធំ» សម្តេចមិនអាចឲ្យស្ថានភាពកូវីដ១៩ នៅកម្ពុជា ដើរថយក្រោយនោះទេ។ ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសទុកឲ្យហើយ សម្រាប់ស្រុកខ្មែរទទួលបានតែអ្នកចាក់វ៉ាក់សាំងទេ បើអ្នកឯងអត់ចាក់វ៉ាក់សាំង ខ្ញុំត្រូវទុកអ្នកឯង៧ថ្ងៃ [ចត្តាឡីស័ក] ចង់វៀតណាមធ្វើឲ្យគេធ្វើចុះ ចង់ថៃធ្វើឲ្យគេធ្វើចុះ តែកម្ពុជាមិនអាចប្រមូលយកអ្នកអត់ចាក់វ៉ាក់សាំងទេ។ ការទទួលយកអ្នកអត់ចាក់វ៉ាក់សាំង ដោយមិនធ្វើចត្តាឡីស័ក អត់ស្រួលសោះ ព្រោះដៃម្ខាងយើងជំរុញឲ្យចាក់វ៉ាក់សាំង តែដៃម្ខាងទៀត បែរជាលើកលែងអ្នកអត់បានចាក់សាំង អីចឹងខ្មែរយើងដែលនៅក្រៅប្រទេស ដូចជាកម្មករនៅថៃ មកអត់បានចាក់វ៉ាក់សាំងចូលមក មិននាំជំងឺអ្វីមក? ហើយក៏ជាការលើកទឹកចិត្តឲ្យបរទេសមកពីក្រៅ តម្រង់ជួរមកកម្ពុជាតែម្តង កុំយកលុយជាធំ យកជីវិតជាធំ ខ្ញុំមិនអាចឲ្យសភាពការណ៍នេះ ដើរថយក្រោយទេ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងជំរុញការចាក់វ៉ាក់សំាំង ដែលសម្តេចបានសម្រេចឲ្យបព្រួញពេលវេលា ពី៤ខែនៅសល់តែ៣ខែ សម្រាប់ដូសជំរុញ បន្ថែមពីនេះរាជរដ្ឋាភិបាល ក៏បានដាក់សិស្សនិស្សិតប្រមាណ៤លាននាក់ ឲ្យចូលទៅក្នុងក្រុមអាទិភាព ដែលនឹងទទួលបានដូសទី៤ ហើយអ្នកចាក់ដូសទី៤ រួច អាចឈានទៅដូសទី៥។ សម្តេចតេជោបានបញ្ជាក់ថា មានតែការចាក់រ៉ាក់សាំងទេ ដែលជាអាវក្រោះ សម្រាប់ការពារខ្លួនពីជំងឺកូវីដ១៩ ហើយស្ថានភាពការបើកសេដ្ឋកិច្ចពេញលេញឡើងវិញ លើកគ្រប់វិស័យនេះដូចសព្វថ្ងៃនេះ ដោយសារតែការស្រោចវ៉ាក់សាំងជោគជាំ។ សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០០៦,០៤៦ នាក់, ដូសទី៣ចំនួន ៩,០១២,៣៨៧នាក់ និងដូសទី៤ ចំនួន ២,២៣០,២១៤នាក់៕ សម្រួលដោយ ទៀង បុណ្ណរី  

អត្ថបទដែលជាប់ទាក់ទង