ក្រសួងសាធារណការប្តេជ្ញា ពន្លឿនការតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី ប្រព័ន្ធទឹកកខ្វក់ឱ្យបានលឿន
ភ្នំពេញ ៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងប្តេជ្ញាជំរុញការតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពី ប្រព័ន្ធទឹកកខ្វក់ឱ្យបានលឿន ដើម្បីធានាឱ្យសមស្របទៅតាមលក្ខខណ្ឌ ស្ថានភាពជាក់ស្ដែង និងការអភិវឌ្ឍន៍របស់កម្ពុជា សំដៅពង្រឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។ ក្នុងពិធីប្រគល់-ទទួលសេចក្តី ព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដោយមានការចូលរួមពីលោកស្រី MIYAHARA AI តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា បានគូសបញ្ជាក់ពីការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការអភិវឌ្ឍន៍ទីក្រុង ទីប្រជុំជនធំៗ និងការកសាងលំនៅឋាន ក្រោមនយោបាយ ឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទ្ទេសក៍សន្តិភាព បង្រួប បង្រួមជាតិ នាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញនៅទូទាំងផ្ទៃប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សហួសពីការស្មាន។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនដ៏ឆាប់រហ័សនេះ បញ្ហាអនាម័យ ការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវក្នុងទីក្រុង និងទីប្រជុំជនធំៗ បានចោទជាបញ្ហាដ៏ធំមួយដែលត្រូវ ដោះស្រាយ និងគ្រប់គ្រងឱ្យបានសមស្រប និងជាបន្ទាន់ ពោលគឺរាជរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យការគ្រប់គ្រងទឹកកខ្វក់នេះមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយ ការទទួលខុសត្រូវ តាមរយៈកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន និង ដៃគូអភិវឌ្ឍន៍នានាផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ថា ប្រទេសជប៉ុនមានបទពិសោធន៍ច្រើន និង ឈានមុខគេនៅក្នុងតំបន់លើការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយប្រសិទ្ធភាព និងចីរភាព និងបានជម្រាបជូនថា ទីភ្នាក់ងារ JICA បានផ្ដល់ជំនួយកម្រិតបច្ចេកទេសលើការជួយពិនិត្យ ផ្ដល់ធាតុចូល មតិយោបល់ និងអនុសាសន៍ល្អៗ និងបានកែសម្រួលសេចក្តីព្រាងដំបូងនៃច្បាប់ស្ដីពីប្រព័ន្ធទឹក កខ្វក់ របស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការជំរុញឆ្លងយោបល់ជាបន្តជាមួយក្រុមការងារជំនាញរបស់ក្រសួង គណៈកម្មាធិការអន្តរក្រសួង ក្រុមប្រឹក្សាអ្នកច្បាប់បន្ថែមទៀត ដើម្បីធានាថាខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់នេះសមស្របទៅតាមលក្ខខណ្ឌ ស្ថានភាពជាក់ស្ដែង និងការអភិវឌ្ឍន៍របស់កម្ពុជា សំដៅពង្រឹងការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងបំពេញតាមតម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់បរិស្ថាននិងសង្គម មុននឹងដាក់ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅរដ្ឋសភាជាតិ និងព្រឹទ្ធសភាជាតិ ដើម្បីធ្វើការអនុម័តឱ្យក្លាយជាច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន និងក្រុមទីប្រឹក្សាបច្ចេកទេសជប៉ុន ដែលបានផ្ដល់ជំនួយបច្ចេកទេស កិច្ចសហការ ការគាំទ្រ ការចែករំលែកបទពិសោធន៍ល្អៗនៅក្នុងការរៀបចំកែលម្អ និងតាក់តែងសេចក្តីព្រាងច្បាប់ទឹកកខ្វក់នេះ និងក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរួមចំណែកនៅក្នុងការងារនេះ ប្រកបដោយភាពអត់ធ្មត់ រហូតសម្រេចបានសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់នាពេលនេះ៕សម្រួលដោយ ទៀង បុណ្ណរី