ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភាគាំទ្រទាំងស្រុង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សេចក្ដីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយទៀតរបស់ក្រសួងពាណិជ្ជកម្ម ពោលគឺសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា គាំទ្រទាំងស្រុង នៅក្នុងអង្គប្រជុំរវាងគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីព្រាងច្បាប់នេះដែលមានគោលបំណងធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួលទានអាហារប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យល្អ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជៀសវាងការកើតជំងឺផ្សេងៗរាប់រយប្រភេទ។ លើសពីនេះ សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះចូលជាធរមាន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា សេចក្ដីព្រាងច្បាប់នេះ មានចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ទី១) ការបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ទី២) ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដានិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទី៣) សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងទី៤) សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំបាននូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក។ ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សា និងស្ដាប់ការបកស្រាយពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភា បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ និងបានសម្តែងការកោតសរសើរចំពោះក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់នេះ ក្នុងការខិតខំប្រឹងប្រែងលើការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ប្រកបដោយជោគជ័យ៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង