អភិបាលខេត្តណែនាំកងកម្លាំងឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាមអនុវត្តន៍ឲ្យម៉ឺងម៉ាត់

TNM(ខេត្តស្វាយរៀង) ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃសុក្រ ០៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ពិធីនេះរៀបចំនៅ២ទីតាំង ដែលទីតាំងទី១ រៀបចំនៅចំណុចក្បែរបង្គោលព្រំដែនលេខ ១៦៨ ស្ថិតនៅភូមិតាបឹប សង្កាត់ច្រកម្ទេស ក្រុងបាវិត និងទីតាំងទី២ រៀបចំនៅចំណុចក្បែរបង្គោលព្រំដែនលេខ ១៨៩ ស្ថិតនៅផ្លូវចំការម្ទេស ឃុំទួលស្ដី ស្រុកចន្ទ្រា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុងបាវិត លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុកចន្ទ្រា លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មន្ត្រី ចត្តាឡីស័ក និងកងកម្លាំងឈជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។

មានប្រសាសន៍នៅក្នុងដំណើរចុះពិនិត្យស្ថានភាព និងសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយដល់កងកម្លាំងឈជើងនៅតាមតំបន់ព្រំដែននៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង សមត្ថកិច្ច មន្ត្រីចត្តាឡីស័ក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈជើងនៅតាមគោលដៅនីមួយៗ បានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ដើម្បីទប់ស្តាត់នូវប្រជាពលរដ្ឋឆ្លងដែន ជាពិសេសការឲ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។

ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្រោមការដាក់ចេញនូវវិធានការ និងការណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្ត ឃើញថា ខេត្តស្វាយរៀងរបស់យើង អនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលឯកឧត្ដមចាត់ទុកថាជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវពីសំណាក់កងកម្លាំង មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ហើយដើម្បីបន្តរក្សាបាននូវលទ្ធផលឲ្យកាន់តែគាប់ប្រសើរថែមទៀត ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជានាយករដ្ឋមន្ត្រី ឯកឧត្ដមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវឲ្យធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់កងកម្លាំង អាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូល ជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ក្នុងទិសដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំគោលដៅប្រចាំការ និងល្បាតនៅតាមតំបន់ព្រំដែនផ្នែកខាងជើង ចំនួន ២១គោលដៅ និងតំបន់ព្រំដែននៅផ្នែកខាងត្បូង ចំនួន ៣៨គោលដៅ។

អំណោយដែលបានផ្ដល់ជូនដល់កងកម្លាំងនាឱកាសនោះ ក្នុងមួយគោលដៅទទួលបាន ៖ អង្ករ ៥០គីឡូ សាប៊ូ៤កញ្ចប់ សាប៊ូដុំ៨ដុំ មីម៉ាម៉ា៥កេស ត្រីខ៥ឡូ ម៉ាស៣ប្រអប់ ក្រម៉ា១០ ទឹកសុទ្ធ១០យួរ ទឹកស៊ីអ៊ីវ៣យួរ ទឹកត្រី២យួរ អំបិល៤កញ្ចប់ និងថវិកា២០០.០០០ រៀល។ ក្រៅពីនេះ ដោយមានការឧបត្ថម្ភពីសប្បុរសជន ក៏បានផ្ដល់ជូនទឹកសុទ្ធ ចំនួន៦០០យួរបន្ថែមទៀត សម្រាប់គោលដៅទាំង៥៨ ផងដែរ

អត្ថបទដែលជាប់ទាក់ទង