នាយបេសកកម្មស៊ីហ្គេមរាយការណ៍ជូនជាតិពីកិច្ចប្រជុំគណៈកម្មការកីឡា និងបទបញ្ញត្តិ នៃស៊ីហ្គេម នៅប្រទេសវៀតណាម

 ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

ហាណូយប្រទេសវៀតណាម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមបានជម្រាបរាយការណ៍ជូនជាតិពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកីឡា និងបទបញ្ញត្តិ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅក្នុងសណ្ឋាគារ Hyatt Regency នាទីក្រុងហាណូយ ប្រទេសវៀតណាម នៃការប្រកួតស៊ីហ្គេម លើកទី៣១។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌគណៈកម្មការជំនាញកីឡា និងបទបញ្ញត្តិ ដែលជាគណៈកម្មការដឹកមុខគេនៃគណៈកម្មការជំនាញទាំងអស់ ដោយដោះស្រាយរាល់បញ្ហាបច្ចេកទេសទាំងអស់ ដែលកើតមានឡើងក្នុងការប្រកួត និងដោះស្រាយដោយគោរពទៅលើធម្មនុញ្ញ-បទបញ្ញត្តិអូឡាំពិក។ ក្នុងនាមនាយបេសកកម្ម និងគណៈកម្មការកីឡា និងបទបញ្ញតិរបស់ CAMSOC ដែរ ឯកឧត្តម វ៉ាត់ ចំរើន បានគោរពរាយការណ៍ជូនជាតិបន្ថែមទៀតថា «កិច្ចប្រជុំនេះ កម្ពុជាមានគោលបំណងពីរចម្បងៗ រួមមាន៖ ទី១ គឺការសិក្សាឈ្វេងយល់ពីរបៀបដឹកនាំគ្រប់គ្រងពីគេ និងបញ្ហានានា ដែលកើតមានឡើង ក្នុងព្រឹត្តិការណ៍ប្រកួតផ្ទាល់ ទៅលើបទបញ្ញតិ និងការប្រែប្រួលបន្តិចបន្តួច ក្នុងការផ្តល់ជូននូវក្នុងករណីពិសេសខ្លះៗ។ ចំពោះចំណុចទី២ គឺចូលរួមក្នុងការតវ៉ានូវអ្វីដែលជាអត្ថប្រយោជន៍សម្រាប់អត្តពលិកកម្ពុជាយើង»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ យើងឃើញមានបញ្ហា ៣ ទី១-គឺការចុះឈ្មោះមានភាពយឺតយ៉ាវលើប្រភេទកីឡាប៉េតង់របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែពេលនេះជាលទ្ធផល គឺគណៈកម្មការកីឡា និងបទបញ្ញត្តិបានអនុញ្ញាតឱ្យចុះឈ្មោះ ចូលរួមជាផ្លូវការ។ ទី២-ការទាមទារឱ្យមានការចូលរួមប្រកួត ក្នុង១វិញ្ញាសា គឺចាប់ពី៣ ប្រទេសឡើងទៅ ហើយប្រសិនបើ វិញ្ញាសាណាមួយនោះ មានការចូលរួមក្រោម ៣ប្រទេសត្រូវលុបចោល។ ក្នុង១វិញ្ញាសា ដែលមាន៣ប្រទេស ត្រូវមានកីឡាករ ឬកីឡាការិនីចូលរួមចំនួន៤នាក់ ខណៈការផ្តល់មេដាយ គឺមាស ប្រាក់ និងសំរឹទ្ធ។ ទី៣ គឺមានការលើកឡើងនូវបញ្ហាសញ្ជាតិ ដោយសារការចូលសញ្ជាតិរបស់បណ្តាប្រទេសនានាមានលក្ខណៈខុសប្លែកពីគ្នា ដូចជាប្រទេសប្រ៊ុយណេ អត្តពលិក ដែលមានឈាមជ័រដើមកំណើតរបស់ខ្លួន រស់នៅក្រៅប្រទេស ប៉ុន្តែមិនទាន់មានលិខិតឆ្លងដែន ប៉ុន្តែប្រទេសប្រ៊ុយណេបានចេញលិខិតបញ្ជាក់ពីសញ្ជាតិនៃប្រទេសខ្លួន ដោយប្រទេសប្រ៊ុយណេបានអះអាងពីគោលការណ៍ច្បាប់សញ្ជាតិរបស់ប្រ៊ុយណេ គឺបែបនេះ។ ដូច្នេះការចែងនៅក្នុងច្បាប់ និងការអនុវត្តផ្ទាល់ ក្នុងគោលការណ៍ស៊ីហ្គេម មានភាពទន់ភ្លន់ ដោយកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ ក្នុងការគ្រប់គ្រង និងដោះស្រាយលើភាពជាក់ស្តែង ដូចករណីសញ្ជាតិរបស់អត្តពលិក ដែលមិនមានលិខិតឆ្លងដែននេះ។ ជាមួយគ្នានោះ ឯកឧត្តមនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាក៏បានបញ្ជាក់ដែរថា សមាជិកកិច្ចប្រជុំក៏បានឱ្យម្ចាស់ផ្ទះកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំណត់បង្ហាញលើ៤០ប្រភេទកីឡានោះ ដែលបានធ្វើឡើង កាលពីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កន្លងទៅ នៅខេត្តសៀមរាប រួចហើយៗពេលនេះ កម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀត ដើម្បីឱ្យគណៈកម្មការកីឡា និងបទបញ្ញត្តិកាន់តែទទួលបាននូវភាពច្បាស់លាស់បន្ថែមរបស់កម្ពុជា។ «អ្វីដែលពិសេសគឺកម្ពុជាស្រូបបានការគាំទ្រយ៉ាងពេញទំហឹងបន្ថែមទៀត ដោយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់បានបង្ហាញពីការពេញចិត្តចំពោះការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។ ឯកឧត្តម វ៉ាត់ ចំរើន បានបង្ហាញពីអត្ថន័យខ្លឹមសារស៊ីជម្រៅនៃកិច្ចប្រជុំនៅព្រឹកថ្ងៃនេះ ដោយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានអញ្ជើញឱ្យចូលរួមដល់សហព័ន្ធកីឡាអន្តរជាតិនានា ដែលពាក់ព័ន្ធ ដូចជាអត្តពលកម្មជាដើម ដើម្បីចូលរួមបំភ្លឺជុំវិញការតវ៉ាលើបញ្ហាប្រឈមទាំងនេះ។ ក្រោយពីមានការបំភ្លឺរួចហើយ គឺចប់រឿងបញ្ហា ប្រឈមទាំងនោះ ដោយគោរពទៅតាមគោលការណ៍ច្បាប់ និងបទបញ្ញត្តិរបស់កីឡា ដែលបណ្តាប្រទេសទាំងអស់ លើពិភពលោកត្រូវតែគោរពនូវស្តង់ដាររួមរបស់កីឡាតែមួយ ដោយមិនមានប្រទេសណាមួយអាចរំលោភបំពានទៅលើបទបញ្ជានៃការប្រកួតណាមួយឡើយ។ គួរបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកនេះ ផ្តោតសំខាន់ទៅគណៈកម្មការជំនាញចំនួន៣ នៅសាលប្រជុំដោយឡែកៗពីគ្នា គឺគណៈកម្មការកីឡា និងបទបញ្ញតិ គណៈកម្មការស្ត្រី និងកីឡា និងគណៈកម្មការវេជ្ជសាស្ត្រកីឡា ហើយពេលល្ងាចថ្ងៃដដែលនេះនឹងរៀបចំកិច្ចប្រជុំសមាជិកប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីបូកសរុបលទ្ធផលរួមនៃគណៈកម្មការជំនាញទាំង៣នេះ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង